(វ៉ាស៊ីនតោន)៖ លោកស្រី Katherine Tai អ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃចន្ទថា អាមេរិកត្រៀមឧបករណ៍ទាំងអស់ដើម្បីដោះស្រាយបញ្ហាអតិផរណាដែលកំពុងកើនឡើង រួមទាំងការកាត់បន្ថយពន្ធលើការនាំចូលទំនិញពីប្រទេសចិនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះជាយ៉ាងណា លោកស្រីបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរគោលនយោបាយណាមួយដែលត្រូវការត្រូវគិតពីគោលដៅរយៈពេលមធ្យម។

លោកស្រីបានកត់សម្គាល់ថា គោលដៅទាំងនេះរួមមានការកសាងសេដ្ឋកិច្ចពិភពលោកដែលកាន់តែមានភាពធន់ និងថិតថេរ ដែលផ្តល់ប្រយោជន៍ដល់ទាំងបុគ្គលិកកម្មករ និងអ្នកប្រើប្រាស់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Tai ដែលបានប្រាប់សន្និសីទមួយដែលរៀបចំដោយវិទ្យាស្ថាន Milken ក្នុងទីក្រុង Los Angeles ថា គោលនយោបាយរូបិយវត្ថុ និងពន្ធ មានតួនាទីក្នុងការដោះស្រាយការកើនឡើងតម្លៃអាហារ និងថាមពល។

លោកស្រីមានប្រសាសន៍ថា៖ «ប្រាកដណាស់ថា យើងអាចសម្លឹងមើលទៅកាន់ពន្ធទាំងនោះបាន ប៉ុន្តែខ្ញុំកំពុងផ្តល់ឱ្យអ្នកនូវ... កញ្ចក់យុទ្ធសាស្ត្រដែលយើងត្រូវការដើម្បីឆ្លុះមើល។ សំណួរគឺថាតើយើងធ្វើអ្វី ជាមួយកញ្ចក់យុទ្ធសាស្រ្តទាំងនោះ»

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានទទួលរងនូវការរិះគន់កាន់តែខ្លាំងឡើងពីក្រុមឧស្សាហកម្មចំពោះការមិនលុបចោលពន្ធលើការនាំចូលទំនិញរបស់ចិនរាប់រយពាន់លានដុល្លារ ដែលត្រូវបានដាក់ដោយអតីតប្រធានាធិបតី Donald Trump ដែលបានជំរុញឱ្យអត្រាអតិផរណាកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៤០ឆ្នាំ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការអត្ថាធិប្បាយថ្មីៗនេះដែលធ្វើឡើងដោយទីប្រឹក្សារងផ្នែកសន្តិសុខជាតិអាមេរិកគឹលោក Daleep Singh និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកគឺលោកស្រី Janet Yellen អំពីឥទ្ធិពលបរិត្តផរណាពីការកាត់បន្ថយពន្ធលើការនាំចូលទំនិញពីចិន បានបង្កឱ្យមានការរំពឹងទុកថា រដ្ឋបាលរបស់លោក Biden កំពុងគិតពីការផ្លាស់ប្តូរ៕