(ប្រ៊ុចសែល)៖ ប្រភពនានាបាននិយាយកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបនឹងស្នើហាមឃាត់ជាដំណាក់កាលលើការនាំចូលប្រេងពីរុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ចំពោះការឈ្លានពានលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមអ្នកការទូតមួយចំនួនថា គណៈកម្មការអឺរ៉ុបដែលបង្កើតការដាក់ទណ្ឌកម្មនានាសម្រាប់ប្លុកនេះ បច្ចុប្បន្នកំពុងរៀបចំសំណើដាក់ទណ្ឌកម្មថ្មី ដែលអាចដាក់ជូនប្រទេសជាសមាជិកទាំង២៧ នៅព្រឹកថ្ងៃពុធនេះ។

អ្នកការទូតជាច្រើននាក់បាននិយាយថា ការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីអាចធ្វើទៅបានបន្ទាប់ពី អាល្លឺម៉ង់បានផ្លាស់ប្តូរគោលជំហររបស់ខ្លួនដោយកន្លងមកបាននិយាយថា វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនខ្លាំង។

លោក Josep Borrell ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានថ្លែងថា រុស្ស៊ីកំពុងបង្កើនការវាយប្រហាររបស់ខ្លួនកាន់តែខ្លាំងក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យការដាក់ទណ្ឌកម្មថ្មី «ពិតជាចាំបាច់»។ លោកមានប្រសាសន៍ថា៖ «យើងត្រូវតែប្រើសមត្ថភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់យើងដើម្បីធ្វើឱ្យរុស្ស៊ីបង់ថ្លៃសម្រាប់អ្វីដែលខ្លួនកំពុងធ្វើ»

ប្រភពដដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គណៈកម្មាការអឺរ៉ុបនឹងស្នើការដាក់ហាមឃាត់នាំចូលប្រេងនេះជាសន្សឹមនេះក្នុងរយៈពេលពី ៦ ទៅ ៨ខែ ដើម្បីផ្តល់ពេលវេលាដល់ប្រទេសនានាឱ្យធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេងរបស់ពួកគេ។

បម្រាមនេះតម្រូវឱ្យមានការគាំទ្រជាឯកច្ឆ័ន្ទ ហើយមិនអាចត្រូវបានរាំងខ្ទប់បានទេ។ ប្រទេសហុងគ្រី រំពឹងថានឹងប្រឆាំងយ៉ាងខ្លាំង ដោយសារប្រទេសនេះពឹងផ្អែកលើប្រេងរបស់រុស្ស៊ី និងមានទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង។

ប្រទេសផ្សេងទៀតមានការព្រួយបារម្ភថា ការហាមប្រាមប្រេងនឹងបង្កើនតម្លៃនៅតាមស្ថានីយប្រេង នៅពេលដែលតម្លៃទំនិញប្រើប្រាស់កំពុងកើនឡើងយ៉ាងខ្លាំងដោយសារតែសង្គ្រាម។

មន្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «យើងត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើប្រតិកម្មទីផ្សារ។ ដំណោះស្រាយនឹងមាន ហើយយើងនឹងទៅដល់ទីនោះនៅទីបញ្ចប់ ប៉ុន្តែយើងត្រូវតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន»