(ណៃពិដោរ)៖ ក្រុមហ៊ុនថាមពល ENEOS Holdings របស់ប្រទេសជប៉ុនបានឱ្យដឹងនៅថ្ងៃចន្ទថា ក្រុមហ៊ុននឹងដកខ្លួនចេញពីគម្រោងឧស្ម័ននៅប្រទេសមីយ៉ាន់ម៉ាដែលរងការធ្វើរដ្ឋប្រហារ។ ការសម្រេចនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីដៃគូរបស់ក្រុមហ៊ុននេះមកពីប្រទេសថៃ និងម៉ាឡេស៊ីបានប្រកាសថា ពួកគេក៏នឹងដកខ្លួនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមហ៊ុន ENEOS គឺជាថាមពលដ៏ធំចុងក្រោយគេដែលបានដកថយពីប្រទេសអាស៊ីអាគ្នេយ៍ ដែលគ្រប់គ្រងដោយពួកយោធាមួយនេះ ដែលបានធ្វើការបង្រ្កាបយ៉ាងខ្លាំងទៅលើក្រុមបាតុករដែលបានចេញមកតវ៉ាចំពោះការមិនពេញចិត្តលើពួកយោធា និងបានឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi កាលពីឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមហ៊ុន JX Nippon Oil & Gas Exploration ដែលជាផ្នែកមួយនៃក្រុម ENEOS បានចូលរួមវិនិយោគនៅក្នុងគម្រោងថាមពល Yetagun ស្ថិតនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ជាមួយរដ្ឋាភិបាលជប៉ុន និងក្រុហ៊ុន Mitsubishi Corporation។

ក្រុមហ៊ុន Nippon Oil Exploration របស់ក្រុមហ៊ុន JX Nippon Oil & Gas Exploration ដែលត្រូវបានបង្កើតឡើងសម្រាប់អនុវត្តគម្រោងនេះ កាន់កាប់ភាគហ៊ុន ១៩,៣% នៅក្នុងគម្រោងឧស្ម័ននេះ ដែលបានដំណើរការអស់រយៈពេលពីរទសវត្សរ៍មកហើយ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន ENEOS ថា៖ «ក្រុមហ៊ុន JX បានសម្រេចចិត្តដកខ្លួនចេញបន្ទាប់ពីការពិភាក្សាដោយដិតដល់ពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ា រួមទាំងបញ្ហាសង្គម និងសេដ្ឋកិច្ចគម្រោងដោយផ្អែកលើការវាយតម្លៃបច្ចេកទេសនៃគម្រោងឧស្ម័ន Yetagun»

ក្រុមហ៊ុន Petronas របស់ម៉ាឡេស៊ី និងក្រុមហ៊ុនប្រេង និងឧស្ម័ន PTTEP របស់ថៃ ក៏បានប្រកាសពីការដកខ្លួនរបស់ពួកគេផងដែរកាលពីថ្ងៃសុក្រ។ ក្រុមហ៊ុន Petronas Carigali ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Petronas កាន់កាប់ភាគហ៊ុនប្រហែល ៤១% នៅក្នុងគម្រោងYetagun ខណៈដែលក្រុមហ៊ុន PTTEP កាន់កាប់ ១៩,៣%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ជាមួយនឹងការកើនឡើងបញ្ហាសេដ្ឋកិច្ច និងសម្ពាធពីក្រុមសិទ្ធិមនុស្ស ក្រុមហ៊ុនជាច្រើនរាប់ចាប់ពីក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំង រហូតដល់ក្រុមហ៊ុន British American Tobacco និងក្រុមហ៊ុន Telenor របស់ប្រទេសន័រវេស បានចាកចេញពីប្រទេសនេះ។ ក្រុមហ៊ុនភេសជ្ជៈដ៏ធំរបស់ជប៉ុន Kirin ក៏កំពុងដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាផងដែរ៕