(ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា ការមានប្រវត្តិឥណទានល្អ នឹងបង្កភាពងាយស្រួលដល់អតិថិជន ក្នុងការទទួលបានឥណទានថ្មី និងអាចមានលទ្ធភាពចរចាជាមួយស្ថាប័នផ្តល់កម្ចីក្នុងការទទួលបានការប្រាក់ទាប ខណៈបច្ចុប្បន្ននេះលទ្ធភាពនៃការសងត្រឡប់របស់អ្នកជាប់កម្ចីនៅកម្ពុជាស្ថិតក្នុងកម្រិតល្អប្រសើរ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា(CBC) មានលើកឡើងថា ការមានប្រវត្តិឥណទានល្អ ឬមិនល្អ គឺអាស្រ័យទៅលើគោលការណ៍របស់ស្ថាប័ននីមួយៗនៃរយៈពេលនៃការសង់ត្រឡប់។

លោកលើកទឹកចិត្តឱ្យអតិថិជន ធ្វើឱ្យខ្លួនមានប្រវត្តិឥណទានល្អ ដើម្បី ឱ្យពួកគេងាយស្រួលទទួលបានឥណទានថ្មី ហើយលើសពីនេះទៅទៀត អតិថិន នឹងមានអំណាចគ្រប់គ្រាន់ចរចាជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការទទួលបានឥណទានដែលមានការប្រាក់ទាប មានទំហំធំជាងមុន និងមានលក្ខខណ្ឌល្អ។

លោកបន្តថា សម្រាប់អ្នកដែលមិនធ្លាប់មានប្រវត្តិឥណទាន និងអ្នកដែលមានធ្លាប់មានប្រវត្តិឥណទានមិនល្អពីមុនមក គួរចាប់ ផ្តើមប្រតិបត្តិ ទៅតាមគោលការណ៍ដែលភាគីទាំងពីរ គឺអ្នកខ្ចី និងអ្នកផ្តល់កម្ចីបានព្រៀមព្រៀងគ្នា គឺការបង់សងទៅតាមការកំណត់ ឬតាមកិច្ចព្រមព្រៀងរវាងស្ថាប័នហិរញ្ញវត្ថុ និង អ្នកទទួលកម្ចី ដើម្បីជួយកសាងប្រវត្តិឥណទានឱ្យកាន់តែល្អពីមួយខែទៅមួយខែ។ ជាមួយគ្នា ការប្រើប្រាស់ប្រាក់កម្ចីទៅ តាមតម្រូវ ដោយមិនលើសតម្រូវការ ប្រើប្រាស់ឥណទានឱ្យចំគោលដៅ និងការចេះពិនិត្យមើលសុខភាពហិរញ្ញវត្ថុរបស់ខ្លួនជាប្រចាំខែ បើទោះបីជាខ្លួនគ្មានតម្រូវការក៏ដោយ ក៏ជារឿងសំខាន់ផងដែរ ដែលត្រូវបានចាត់ទុកថា ជាអតិថិជនមានប្រវត្តិឥណទានល្អ ។

លោកគូសបញ្ជាក់ថា ការឆែកប្រវត្តិឥណទាន អតិថិជន អាចរកសេវានៅតាមបណ្តាញរបស់ CBC និងសម្រាប់អ្នករស់តាមបណ្តាខេត្ត អាចរកសេវានេះបានតាមរយៈដៃគូរបស់ CBC ដូចជាធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMKដែលមានទីតាំងគ្រប់ខេត្តក្រុង។ ដើម្បីសម្រួលដល់អតិថិនជនឱ្យកាន់តែងាយស្រួលជាងមុន ជាពិសេសអ្នកដែលជាប់រវល់ច្រើន អាចផ្ញើសុំរបាយការតាមរយៈ APP របស់CBC ។ តាមរយៈអ៊ែបនេះ អតិថិជន អាចស្នើសុំរបាយការណ៍ឥណទាន ពិន្ទុឥណទាន និងឆែកប្រវត្តិឥណទានរបស់ខ្លួន ដោយ CBC នឹងរក្សាការសំងាត់ដល់អតិថិជនគ្រប់គ្នា។

បើតាមប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជារូបនេះ បច្ចុប្បន្ននេះគុណភាពឥណទាននៅកម្ពុជា មានភាពល្អប្រសើរ ដោយក្នុងចំណោមអតិថិជន១០០នាក់ មានអតិថិជនប្រមាណ៣នាក់ប៉ុណ្ណោះដែលបង់សងមិនល្អ ខណៈអតិថិជន៩០នាក់ទៀត បានបង់តាមការកំណត់ ៕