(ភ្នំពេញ)៖ ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បច្ច័យល្អនេះត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថានឹងជួយស្រូបទាញភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ លោក ធួន ស៊ីណាន ប្រធានសគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានថ្លែងថា «តាមរយៈការបើកឡើងវិញនៃច្រកព្រំដែនកម្ពុជា-ថៃ ខ្ញុំមានជំនឿថានឹងមានភ្ញៀវទេសចរច្រើនចូលកម្ពុជា ព្រោះគ្រាន់តែរាជរដ្ឋាភិបាលកម្ពុជា នាប៉ុន្មានខែមុននេះ បានប្រកាសដកចេញនូវវិធានការផ្សេងៗភ្លាម កំណើនទេសចរណ៍កើនឡើងភ្លាម ដូច្នេះតាមរយៈការបើកព្រំដែននឹងធ្វើឲ្យភ្ញៀវជាតិ និងអន្ដរជាតិ ឆ្លងចូលតាមព្រំដែនកាន់តែច្រើន ធ្វើឲ្យទេសចរណ៍នៅតំបន់សៀមរាប តំបន់សមុទ្រនឹងហក់កើនឡើង»

លោកបានបន្ដថា ក្នុងកាលៈទេសៈនេះមានតែប្រទេសក្នុងតំបន់ប៉ុណ្ណោះ ដែលអាចជួយគ្នាបាន ដូច្នេះពេលប្រទេសក្នុងតំបន់បើកព្រំដែន ការចរាចរណ៍ភ្ញៀវអាស៊ាន និងបណ្ដាប្រទេសជិតខាងនឹងកើនឡើង ការបើកព្រំដែននេះ មិនត្រឹមតែផ្លាស់ប្ដូរភ្ញៀវទៅវិញទៅមកប៉ុណ្ណោះទេ តែជួយជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញចូលទំនិញជាដើម។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា «ការបើកឡើងវិញនៃច្រកព្រំដែនកម្ពុជា-ថៃ នឹងផ្ដល់ផលវិជ្ជមាន ជាការរំពឹងទុកសង្ឃឹមថា នឹងធ្វើឲ្យលំហូរនៃភ្ញៀវទេសចរមានកាន់តែច្រើន តាមរយៈការចេញចូលរបស់ភ្ញៀវទេសចរមកកាន់កម្ពុជា និងជាពន្លឺដ៏ល្អសម្រាប់ទេសចរណ៍ ព្រោះលែងមានរបាំងបង្អាក់ដំណើរការទេសចរណ៍ទៀតហើយ។ ជាការពិតកម្ពុជាបានបើកប្រទេសពេញលេញ តែត្រូវការការចូលរួមពីប្រទេសជិតខាង ដើម្បីជួយគ្នាជំរុញឲ្យមានលំនឹង និងលំហូរភ្ញៀវទេសចរទៅវិញទៅមក ការជំរុញនេះអាចធ្វើទៅបានដរាបណា មានការបើកព្រំដែនរវាងគ្នា និងគ្នាបែបនេះ»

លោកស្រីបន្ថែមថា ការបើកព្រំដែននេះ ជាផ្នែកមួយក្នុងការទាក់ទាញទេសចរណ៍ថៃ ចូលមកកាន់កម្ពុជា រំពឹងថាបន្ទាប់ពីការបើកព្រំដែន កម្ពុជានឹងទទួលបានភ្ញៀវ ជាជនជាតិថៃមកកាន់តែច្រើន ក្រៅពីនេះក៏បង្កភាពងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្ម ការដោះដូរទំនិញរវាងប្រទេសទាំងពីរ ព្រោះកម្ពុជា-ថៃ មានការសហការគ្នាច្រើន ក្នុងការជំរុញទំនិញទៅវិញទៅមក ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា «ការបើកព្រំដែននេះពិតជាល្អមែនទែន ព្រោះការបើកច្រកទាំងអស់ ជាប់ព្រំដែនកម្ពុជា ជាច្រកដង្ហើមសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល សម្រាប់ការបើកព្រំដែនកម្ពុជា-ថៃ នឹងបន្ថែមភាពងាយស្រួល ដល់ភ្ញៀវទេសចរ ព្រោះទេសចរដែលចូលមកកម្ពុជា មិនមែនមានតែទេសចរណ៍ថៃតែមួយនោះទេ តែជាការបើកឲ្យទេសចរណ៍ប្រភេទទី៣ អាចឆ្លងកាត់ និងចូលមកកាន់កម្ពុជាផងដែរ»