(ភ្នំពេញ)៖ លោក ទិត្យ កំរង អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានគូសបញ្ជាក់ឲ្យដឹងថា រាល់អ្នកដែលធ្វើអាជីវកម្ម ឬក៏អ្នកដែលជោគជ័យនៅក្នុងជំនួញ គឺជាអ្នកដែលមានវិន័យ ផ្នែកហិរញ្ញវត្ថុ ហើយការរៀនសូត្រពីចំណេះដឹងហិរញ្ញវត្ថុ គឺជារឿងដែលនៅជាមួយនឹងជីវិតរបស់យើងជារៀងរាល់ថ្ងៃ។

បន្ថែមពីនោះទៀត អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះ បានឲ្យដឹងថា បើសិនជាបងប្អូន ពូកែចាត់ចែងលុយកាក់ វានឹងជួយដល់បងប្អូនបង្កើតទ្រព្យ និងអភិវឌ្ឍន៍ខ្លួនឯង ព្រមទាំងក្នុងគ្រួសារ ជាពិសេសទាំងសង្គមជាតិ ក៏មិនពិបាកផងដែរ។

លោក ទិត្យ កំរង បានបញ្ជាក់យ៉ាងដូច្នេះថា «បើនិយាយពីបុគ្គល អ្នកដែលមានវិន័យ ក្នុងការរៀបចំហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ឬក៏ខ្ទង់ចំណាយត្រឹមត្រូវនោះ គឺជាអ្នកដែលមានការរីកចម្រើនច្រើន [...] រាល់អ្នកដែលធ្វើអាជីវកម្ម ឬក៏អ្នកដែលជោគជ័យនៅក្នុងជំនួញ គឺអ្នកដែលមានវិន័យផ្នែកហិរញ្ញវត្ថុ»

លោកបានលើកឡើងថា ការរៀនសូត្រពីការធ្វើផែនការហិរញ្ញវត្ថុ ឬក៏ការរៀនសូត្រពីចំណេះដឹងហិរញ្ញវត្ថុ គឺជារឿងដែលនៅជាមួយនឹងជីវិតរបស់យើងជារៀងរាល់ថ្ងៃ ហើយវាជាបំណិនជីវិត ដែលត្រូវប្ដេជ្ញាចិត្ដរៀនពីវា ដើម្បីឲ្យក្លាយទៅជាជំនាញ។

ជាមួយគ្នានេះ អ្នកជំនាញបានលើកឡើងថា ការចាត់ចែងហិរញ្ញវត្ថុ ក្នុងគ្រួសារមានសារៈសំខាន់ ដើម្បីសម្រេចគោលដៅដែលខ្លួនចង់បាន និងជៀសវាងហានិភ័យ ដែលកើតឡើងនាពេលអនាគត ដូចជា មិនធ្លាក់ចូលទៅក្នុងបំណុលវ័ណ្ឌ.ក នាំឲ្យបាក់ទឹកចិត្តក្នុងការស្វែងចំណូល និងបាត់បង់គោលដៅ នាពេលអនាគត។

លោក ទិត្យ កំរង បានបញ្ជាក់ថា ដើម្បីចាត់ចែងហិរញ្ញវត្ថុឲ្យបានល្អ ត្រូវចាប់ផ្តើមសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឯង ហើយចាប់ផ្តើមកត់ត្រាចំណូលចំណាយប្រចាំថ្ងៃ កំណត់ប្រភេទចំណូល ចំណាយរបស់ខ្លួនឲ្យបានច្បាស់ និងចាប់ផ្តើមវិភាគទៅលើអ្វី ដែលខ្លួនបានកត់ត្រា ដើម្បីឈានទៅដាក់គោលដៅ និងផែនការក្នុងការសម្រេចវាឲ្យបាន។

លោកបានបន្តថា ទន្ទឹមនឹងការមានផែនការច្បាស់ អ្វីដែលសំខាន់ត្រូវការវិន័យមួយចំពោះខ្លួនឯង និងគ្រួសារក្នុងការប្រើប្រាស់ថវិកា កុំឲ្យទិញអ្វីតាមដែលការនឹកឃើញ។

កញ្ញា ងួន សុភី អ្នកគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលជាន់ខ្ពស់ ធនាគារ RHB បានឲ្យដឹងថា បញ្ហាហិរញ្ញវត្ថុនៅក្នុងគ្រួសារ នៅពេលគ្រួសារមានហិរញ្ញវត្ថុល្អ ប្រៀបដូចជានៅក្នុងសង្គមមួយល្អ ហើយនៅពេលដែលសង្គមល្អ ប្រទេសជាតិក៏ល្អទៅតាមនឹងដែរ។

កញ្ញា ងួន សុភី បានបន្ដទៀតថា បើសិនជាប្រទេសមួយ ដែលមានប្រជាជនមានការយល់ដឹង អំពីហិរញ្ញវត្ថុមិនបានល្អ ដោយការរៀបចំហិរញ្ញវត្ថុរបស់ពួកគេមានបញ្ហា គឺវាធ្វើឲ្យប៉ះពាល់ដល់សង្គមទាំងមូល ក៏ដូចជាប្រទេសទាំងមូលផងដែរ។

បន្ថែមពីនោះទៀត កញ្ញាបានលើកឡើងថា នៅពេលដែលមានការចាយវាយមិនច្បាស់លាស់ ធ្វើឲ្យយើងស្វែងរកប្រភពចំណូលផ្សេងៗមកទូទាត់ ដូចជាការស្វែងកម្ចីបន្ថែមជាដើម ដែលនាំឲ្យកាន់តែកើនចំណាយ ធ្លាក់ចូលទៅក្នុងបំណុលដែលមិនអាចងើបរួច បណ្តាលឲ្យមានការបាក់ទឹកចិត្ត ក្នុងការរស់នៅ។

កញ្ញាបន្តថា សម្រាប់អ្នកដែលចង់រៀបចំផែនការហិរញ្ញវត្ថុឲ្យបានល្អ និងត្រឹមត្រូវ គួរសួរខ្លួនឯងនូវសំណួរមួយចំនួនដូចជា តើគោលដៅ ឬបំណងដែលយើងចង់បានមានអ្វីខ្លះ? តើបច្ចុប្បន្ននេះ យើងស្ថិតក្នុងកម្រិតណា? អ្វីដែលគួរធ្វើមុន និងអ្វីដែលគួរធ្វើបន្ទាប់? តើយើងមានអ្វីសម្រាប់ការពារហានិភ័យនាពេលខាងមុខ? ជាដើម។

កញ្ញា ងួន សុភី កត់សម្គាល់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជា ហាក់យល់ដឹងច្រើន អំពីការចាត់ចែងហិរញ្ញវត្ថុនៅក្នុងគ្រួសារ ជាពិសេសការសន្សំ ដោយប្តូរពីការសន្សំបែបប្រពៃណី មកជាការសន្សំក្នុងប្រព័ន្ធធនាគារវិញ៕