(បាងកក)៖ តម្លៃអង្ករនាំចេញពីប្រទេសថៃបានកើនឡើងក្នុងសប្តាហ៍នេះ ដោយសារកំណើនតម្រូវការពីទីផ្សារនៅតំបន់មជ្ឈិមបូព៌ា ខណៈតម្លៃអង្កររបស់ឥណ្ឌា និងវៀតណាមមិនមានការប្រែប្រួល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃអង្ករប្រភេទបាក់ ៥ភាគរយរបស់ប្រទេសថៃ ត្រូវបានស្រង់តម្លៃពី ៤៣២ ទៅ ៤៣៥ដុល្លារក្នុងមួយតោន ដែលកើនឡើងពី ៤១០ដុល្លារកាលពីសប្តាហ៍មុន ។

ឈ្មញអង្ករម្នាក់នៅទីក្រុងបាងកកបានឱ្យដឹងថា៖ «មានកំណើនតម្រូវពីទីផ្សារនានាដូចជាប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ហើយដោយសារតែទំនាក់ទំនងកាន់តែប្រសើរជាមួយប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់ពាណិជ្ជករនានាថា ប្រាក់បាតដែលធ្លាក់ចុះថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិកក៏បានរួមចំណែកដល់ការកើនឡើងតម្លៃអង្ករក្នុងសប្តាហ៍នេះផងដែរ។

អង្ករស្ងោប្រភេទបាក់ ៥ភាគរយរបស់ប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំជាងគេក្នុងពិភពលោក ត្រូវបានស្រង់តម្លៃពី ៣៦១ ទៅ ៣៦៥ដុល្លារក្នុងមួយតោន ដែលមិនផ្លាស់ប្តូរធៀបនឹងតម្លៃនៅសប្តាហ៍មុន។

ក្រុមហ៊ុននាំចេញដែលមានមូលដ្ឋាននៅទីក្រុង Kakinada នៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌាបានឱ្យដឹងថា៖ «ការផ្គត់ផ្គង់ក្នុងស្រុកមានស្ថានភាពល្អ ដោយសាររដ្ឋាភិបាលកំពុងចែកចាយអង្ករជាច្រើនដល់ប្រជាជនក្រីក្រដោយមិនគិតថ្លៃ ឬក្នុងតម្លៃធម្មតា»

អង្ករប្រភេទបាក់ ៥ភាគរយរបស់វៀតណាម ត្រូវបានលក់ក្នុងតម្លៃ ៤១៥ដុល្លារក្នុងមួយតោនកាលពីថ្ងៃ ព្រហស្បតិ៍ ដែលមិនប្រែប្រួលធៀបនឹងតម្លៃនៅសប្តាហ៍មុន។

ទោះជាយ៉ាងនេះក្តី ពាណិជ្ជកម្មម្នាក់នៅទីក្រុងហូជីមិញ បានថ្លែងថា តម្លៃអាចកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារការផ្គត់ផ្គង់មានកម្រិតទាបដោយសារការប្រមូលផលនៅនិទាឃរដូវជិតអស់ហើយ។ ពាណិជ្ជកររូបនេះបានថ្លែងថា៖ «ពាណិជ្ជករស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចសន្យានាំចេញថ្មី ដោយរង់ចាំតម្លៃឡើងខ្ពស់សិន»។ នេះយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕