(បាងកក)៖ កម្រៃសេវាទេសចរណ៍ចំនួន ៣០០បាត ដែលរដ្ឋាភិបាលថៃគ្រោងយកពីភ្ញៀវទេសចរបរទេសទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសថៃ គ្រោងនឹងចាប់ផ្តើមប្រមូលនៅចន្លោះខែសីហា និងខែកញ្ញាឆ្នាំនេះដោយប្រើប្រាស់ប្រព័ន្ធកម្រៃទេសចរណ៍ថៃ (TTF) ដែលអនុវត្តដោយក្រុមហ៊ុនអាកាសចរណ៍។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ក្រុមហ៊ុនអាកាសចរណ៍បានលើកឡើងពីការព្រួយបារម្ភអំពីថវិកាដែលក្រុមហ៊ុនត្រូវចំណាយសម្រាប់ប្រព័ន្ធនេះ និងកម្លាំងធ្វើការបន្ថែមលើដំណើរការនេះ ដោយសារក្រុមហ៊ុននៅជួបការលំបាកនៅឡើយដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត និងលំហូរអ្នកដំណើរទាប។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Chote Trachu លេខាធិការអចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍ និងកីឡាថៃថា៖ «កម្រៃទេសចរណ៍នេះធ្វើឡើងស្របតាមច្បាប់ស្តីពីគោលនយោបាយជាតិទេសចរណ៍ឆ្នាំ២០០៨ ដែលបានកែប្រែឡើងវិញ ហើយច្បាប់នេះបានផ្តល់ការអនុញ្ញាតឱ្យបង្កើតមូលនិធិពីកម្រៃដែលប្រមូលបានពីភ្ញៀវបរទេស។ មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍ និងផ្តល់ការធានារ៉ាប់រដងដល់ភ្ញៀវទេសចរ»។

លោកមានប្រសាសន៍ថា កម្រៃទេសចរណ៍នេះគឺដើម្បីជួយភ្ញៀវទេសចរក្នុងករណីមានអាសន្ននានា ដូចជាជំងឺដែលកើតឡើងភ្លាមៗ គ្រោះថ្នាក់ ឬភាពចលាចលផ្នែកនយោបាយក្នុងពេលដែលធ្វើដំណើរ នៅក្នុងប្រទេសថៃ។

លោក Mongkon Wimonrat ជំនួយការលេខាធិការអចិន្ត្រៃយ៍ទេសចរណ៍បានថ្លែងថា ប្រព័ន្ធ TTF នឹងរួមបញ្ចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្ហាញអេក្រង់បន្ថែមមួយសម្រាប់ការប្រមូលកម្រៃសម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា អ្នកដែលត្រូវបានលើកលែងពីការប្រមូលកម្រៃទេសចរណ៍នេះរួមមាន អ្នកការទូត មន្ត្រីរដ្ឋាភិបាល អ្នកដែលមានប័ណ្ណការងារពីប្រទេសផ្សេងៗស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសថៃ និងកុមារអាយុក្រោម ២ឆ្នាំ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនអាកាសចរណ៍កាលពីថ្ងៃព្រហស្បតិ៍ លោក Mongkon បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែជួយពិនិត្យ (Screen) ភ្ញៀវទេសចរដែលបង់កម្រៃនេះមុនពេលចេញសំបុត្រ ដោយដាក់ជូនបញ្ជីអ្នកដំណើរចុងក្រោយទៅកាន់តំណភ្ជាប់ទិន្នន័យរយៈពេល ១៥ នាទីបន្ទាប់ពីការហោះហើរ។

ប្រព័ន្ធ TTF បើកដំណើរការការធានារ៉ាប់រងរយៈពេល ៣០ ថ្ងៃសម្រាប់អ្នកទេសចរនៅពេលពួកគេទៅកាន់ប្រទេសថៃ។

លោកបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិត្រូវបានអញ្ជើញឱ្យចុះឈ្មោះសម្រាប់ដំណើរការពិសោធការអនុវត្តនេះចាប់ពីថ្ងៃទី២ ខែឧសភាទៅ។ ក្រសួងនឹងផ្តល់កម្មវិធីបណ្តុះបណ្តាលអំពីប្រព័ន្ធ TTF និងអនុវត្តការដំណើរការសាកល្បងលើប្រព័ន្ធនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕