(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងតំណាងធនាគារ អេស៊ីលីដា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន ដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី អភិបាលរងខេត្តមណ្ឌលគិរី, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អនុប្រធានមន្ទីរពាណិជ្ជកម្ម, គណគ្រប់គ្រងរដ្ឋបាលសាលាខេត្ត និងប្រជាកសិករ។

ក្នុងឱកាសនោះ លោកបណ្ឌិត បានលើកទឹកចិត្តប្រជាកសិកររៀបចំផែនការដាំដុះ ចិញ្ចឹម ផលិត និងលើកទឹកចិត្ត និងជំរុញឱ្យប្រជាកសិករធ្វើការចុះបញ្ជីជាអ្នកអនុវត្តកសិកម្មល្អ (GAP) ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់ការនាំចេញ។

លោកបានណែនាំឱ្យប្រជាកសិករ អនុវត្តការដាំដុះបន្លែតាមបច្ចេកទេសទំនើប ដែលមានបណ្តាញស្រោចស្រព និងអាចដាំដុះក្នុងផ្ទះសំណាញ់ ដែលអាចផលិតបានពេញមួយឆ្នាំ និងផ្សារភ្ជាប់ទីផ្សារអោយបានច្បាស់លាស់ ជាពិសេស សូមឱ្យប្រជាកសិករគណនាថ្លៃដើមអោយបានច្បាស់ និងសិក្សាទីផ្សារមុនធ្វើការដាំដុះ។

ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបានហិរញ្ញប្បទានតារយៈ ធនាគារ ARDB និង តាមរយៈធនាគារ អេស៊ីលីដា ក៏បាន ដោយសារធនាគារARDB បានធ្វើសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយធនាគារ ACLEDA៕