(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី បានកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនរហូតដល់ជិត១៣០% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ បានធ្វើឱ្យកំណើននៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសដែលជាសមាជិក RCEP ជាពិសេសគឺប្រទេសអូស្រ្តាលីនេះ បានកើនឡើងខ្ពស់នៅដើមឆ្នាំ២០២២នេះ។

លោកបន្តថា «យើងអាចនិយាយបានថានេះជាការរួមចំណែកមួយផងដែរ ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ពីព្រោះទាំងអូស្រ្តាលី ទាំងចិន ទាំងជប៉ុន កូរ៉េ ញូហ្សេលែន តួលេខនាំចេញទាំងអស់សុទ្ធតែកើន នៅក្នុងឆ្នាំ២០២២នេះ»

ទំនិញចម្បងដែលកម្ពុជា បាននាំចេញទៅប្រទេសអូស្រ្តាលី រួមមានទំនិញវាយណភ័ណ្ឌដូចជាសំលៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរ រួមនឹងផលិតផលកសិផល ជាពិសេសអង្ករ។

តាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី មានតម្លៃជាង១២៦លានដុល្លារ កើនឡើង១២៧.៩% បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនតែ៥៥លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះកម្ពុជានាំចេញទៅអូស្រ្តាលីចំនួន ៩២លានដុល្លារ កើនឡើង១៧៨.១% បើធៀបនឹងឆ្នាំមុន ដែលមានចំនួនជាង៣៣លានដុល្លារ និងនាំចូលពីស្រ្តាលីវិញចំនួនជាង៣៤លានដុល្លារ កើនឡើង៥៣.៥%។ ចំណែក ការនាំចេញពីកម្ពុជាទៅប្រទេសញូ ហ្សេលែន តម្លៃ៤លានដុល្លារ កើនឡើង២២% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កើនឡើង៨លានដុល្លារ កើន៣១%។

រីឯការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា និងប្រទេសជាសមាជិក RCEP ទាំងអស់ ដែលកម្ពុជាបានធ្វើការនាំចេញទំនិញ និងនាំចូល តាមគ្រប់ប្រព័ន្ធអនុគ្រោះទាំងអស់ រួមទាំងកិច្ចព្រមព្រៀង RCEP និង CCFTA ផងដែរ ពីខែមករា ដល់មីនា ឆ្នាំ២០២២នេះ មានចំនួនជាង៨ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួន ១ ៩៥៦ លានដុល្លារអាមេរិក និងនាំចូលមកវិញចំនួន ៦១០៦លានដុល្លារ។

ដោយឡែកការនាំចេញអង្ករក្នុងត្រីមាសទី១ ទៅតំបន់អូសេអានី រួមមានប្រទេសអូស្រ្តាលី និងញូហ្សេលែន មានចំនួន ២៤៦៥តោន៕