(ព្រុចសែល)៖ ពាណិជ្ជករអឺរ៉ុបមួយចំនួនបានចាប់ផ្តើមបង់ប្រាក់ឱ្យរុស្ស៊ីជាប្រាក់រូបសម្រាប់ការទិញឧស្ម័ន ខណៈដែលអតិថិជនធំៗមិនទាន់ធ្វើដូច្នេះនៅឡើយ។ នេះបើយោងតាមប្រភពចំនួនពីរដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។

ប្រភពមួយបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារគ្មានសិទ្ធិនិយាយទៅកាន់បណ្តាញព័ត៌មាន បានប្រាប់រ៉យទ័រថា៖ «ពាណិជ្ជករជាច្រើនប្រហែលជាជាងប្រាំនាក់ បានចាប់ផ្តើមទូទាត់ជាប្រាក់រូប»

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារឱ្យប្រទេសនានា ដែលលោកចាត់ទុកថា «មិនមានជាមិត្ត» ត្រូវតែបង់ថ្លៃឧស្ម័នជាប្រាក់រូបបើមិនដូច្នេះទេត្រូវកាត់ផ្តាច់ការផ្គត់ផ្គង់។

នៅក្រោមប្រព័ន្ធទូទាត់ថ្មីរបស់រុស្ស៊ី អ្នកទិញត្រូវមានកាតព្វកិច្ចដាក់ប្រាក់អឺរ៉ូ ឬដុល្លារទៅក្នុងគណនីមួយនៅធនាគារ Gazprombank របស់រុស្ស៊ី ដែលបន្ទាប់មកត្រូវប្តូរទៅជាប្រាក់រូប ហើយដាក់ប្រាក់នេះទៅក្នុងគណនីផ្សេងមួយទៀតដែលកាន់កាប់ដោយអ្នកទិញបរទេស ហើយផ្ទេរការទូទាត់ជារូបិយប័ណ្ណរូបរបស់រុស្ស៊ីនេះទៅឱ្យក្រុមហ៊ុនថាមពល Gazprom។

ប្រព័ន្ធទូទាត់នេះត្រូវបានបង្កើតឡើងជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលទណ្ឌកម្មទាំងនេះបានកើតមានឡើងបន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមប្រតិបត្តិការដែលខ្លួនហៅថាជា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃពុធ ប្រទេសរុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប្រទេសប៉ូឡូញ និងប៊ុលហ្គារី បន្ទាប់ពីប្រទេសទាំងពីរបានបដិសេធមិនបង់ប្រាក់ជាប្រាក់រូបក្រោមការរៀបចំថ្មីដែលកំណត់ដោយលោកពូទីននេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕