(ប៉េកាំង)៖ ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងកាត់បន្ថយពន្ធនាំចូលសម្រាប់ធ្យូងថ្មគ្រប់ប្រភេទរហូតដល់សូន្យភាគរយចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ខណៈដែលទីក្រុងប៉េកាំងខិតខំធានាសន្តិសុខថាមពល ស្របពេលដែលមានការកើនឡើងតម្លៃពិភពលោក និងកង្វល់ពីការរំខានដល់ការផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មន្ត្រីជាន់ខ្ពស់របស់ចិន រួមទាំងលោកប្រធានាធិបតី Xi Jinping ផងដែរនោះ បានលើកឡើងម្តងហើយម្តងទៀតអំពីតួនាទីដ៏សំខាន់របស់ធ្យូងថ្មនៅក្នុងល្បាយថាមពលរបស់ប្រទេសចិន បើទោះបីជាមានការប្តេជ្ញាចិត្តចំពោះការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មជាបណ្តើរៗក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ពន្ធនាំចូលធ្យូងថ្មប្រភេទអែនត្រាសាយ (anthracite) និងខូកឃីង (coking) ដែលត្រូវបានប្រើជាចម្បងក្នុងការផលិតដែកថែម នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យពីអត្រា ៣% នាពេលបច្ចុប្បន្ន ហើយអត្រាសម្រាប់ប្រភេទធ្យូងថ្មផ្សេងទៀតនឹងធ្លាក់ចុះពី ៣-៦%។

ប្រទេសចិនបាននាំចូលធ្យូងថ្មចំនួន ៣២៣,៣៣លានតោនក្នុងឆ្នាំ២០២១ ដែលស្មើនឹងប្រហែល ៨% នៃការប្រើប្រាស់ធ្យូងថ្មសរុបរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ការលុបចោលពន្ធនាំចូលធ្យូងថ្មនេះត្រូវបានគេមើលឃើញថាមានផលប៉ះពាល់តិចតួចលើការទិញធ្យូងថ្មរបស់ប្រទេសចិនក្នុងឆ្នាំ២០២២ ដោយសារទិន្នផលក្នុងស្រុករក្សាបានក្នុងកម្រិតខ្ពស់បំផុត ខណៈដែលតម្លៃនាំចូលបានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ ពាណិជ្ជករមួយចំនួនបាននិយាយថា ការទម្លាក់ពន្ធនាំចូលនេះអាចផ្តល់ផលប្រយោជន៍ដល់ការនាំចូលធ្យូងថ្មរបស់ចិនពីប្រទេសរុស្ស៊ី។

តម្លៃធ្យូងថ្មមក្នុងកិច្ចសន្យាទិញលក់ប្រភេទធ្យូងថ្មកម្តៅ (thermal coal) របស់អូស្រ្តាលី កើនឡើងដល់ប្រហែល ៣២៦ដុល្លារក្នុងមួយតោន បន្ទាប់ពីបានឡើងថ្លៃដល់ទៅ ៤៤០ដុល្លារក្នុងមួយតោនកាលពីដើមខែមីនា។ តម្លៃធ្យូងថ្មក្នុងទីផ្សារទិញលក់ភ្លាមៗនៅប្រទេសចិនថ្លៃប្រហែល ១.២០០យ័ន (១៨១,៦១ដុល្លារ) ក្នុងមួយតោន ហើយតម្លៃក្នុងកិច្ចសន្យាមានរយៈពេលកំណត់ដែលកំណត់រដ្ឋាភិបាលនៅគឺ ៧៧០យន់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់ពាណិជ្ជករធ្យូងថ្មម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងថា៖ «ការកាត់បន្ថយពន្ធនឹងមិនមានភាពខុសប្លែកគ្នាអីទេចំពោះការនាំចូលធ្យូងថ្មរបស់ឥណ្ឌូនេស៊ី ដោយសារអត្រាពន្ធមានកម្រិតសូន្យរួចទៅហើយ ហើយមិនមានផលប៉ះពាល់ដល់ធ្យូងថ្មរបស់អូស្ត្រាលីនោះដែរ ដោយសារតែការហាមឃាត់ការនាំចូល»។

ពាណិជ្ជកម្មរូបនេះបន្ថែមថា៖ «នៅពេលនោះ យើងអាចធ្វើការទាយបានថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ីដែលមានចំនួនអត្រាពន្ធ ៦% សម្រាប់ធ្យូងថ្មកម្តៅ»

ការនាំចូលធ្យូងថ្មរបស់ចិនពីរុស្ស៊ីបានធ្លាក់ចុះ ៣០% នៅក្នុងខែមីនាធៀបនឹងឆ្នាំមុន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះពាណិជ្ជករចិនមួយចំនួនបានចាប់ផ្តើមស្នើសុំទំនិញរុស្ស៊ីដែលមានតំលៃថោកបន្ទាប់ពីសហភាពអឺរ៉ុបមានផែនការដាក់ទណ្ឌកម្មលើប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕