(រតនគីរី)៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតំណាងធនាគារ អេស៊ីលីដា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន (កម្មវិធីហិរញ្ញប្បទានពិសេស ៤+៣) ដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងខេត្តរតនគីរី។

កម្មវិធីនេះ ក៏មានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រធានមន្ទីរពាណិជ្ជកម្ម នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់គ្រប់គ្រងបណ្តាស្រុក ក្នុងខេត្តរតនគីរី និងប្រជាកសិករ អញ្ជើញចូលរួមប្រមាណ៨៥នាក់។

លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តប្រជាកសិករ រៀបចំផែនការដាំដុះ ចិញ្ចឹម ផលិត និងលើកទឹកចិត្ត និងជំរុញឲ្យប្រជាកសិករធ្វើការ ចុះបញ្ជីជាអ្នកអនុវត្តកសិកម្មល្អ (GAP) ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់ការនាំចេញ។

លោកបានណែនាំឲ្យប្រជាកសិករ អនុវត្តការដាំដុះបន្លែ តាមបច្ចេកទេសទំនើប ដែលមានបណ្តាញស្រោចស្រព និងអាចដាំដុះក្នុងផ្ទះសំណាញ់ ដែលអាចផលិតបានពេញមួយឆ្នាំ និងផ្សារភ្ជាប់ទីផ្សារឲ្យបានច្បាស់លាស់ ជាពិសេស សូមឲ្យប្រជាកសិករគណនាថ្លៃដើមឲ្យបានច្បាស់ និងសិក្សាទីផ្សារមុនធ្វើការដាំដុះ។

ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបានហិរញ្ញប្បទានតាមរយៈ ធនាគារ ARDB និងតាមរយៈធនាគារ អេស៊ីលីដាក៏បាន ដោយសារធនាគារ ARDB បានធ្វើសហហិរញ្ញប្បទានចែករំលែកហានិភ័យ ជាមួយធនាគារ ACLEDA។

លោកបណ្ឌិតប្រតិភូ កៅ ថាច បានផ្តល់ទូរស័ព្ទដៃ ដល់អតិថិជនដែលទទួលឥណទាន ក្រោមហិញ្ញប្បទានពិសេស ដែលបានជាប់ជាអតិថិជនគំរូ ចំនួន៣រូប៕