(ភ្នំពេញ)៖ អ្នកជំនួញ និងអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាយល់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវដង្ហើមសេដ្ឋកិច្ច ហើយការដាក់ឱ្យដំណើរការផ្លូវនេះ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើន សម្រាប់ការដឹកជញ្ជូនទំនិញចេញចូល ជាពិសេសទំនិញវាយណភ័ណ្ឌ និងកសិផល ទៅកំពង់ផែក្រុងព្រះសីហនុ ដែលកាត់បន្ថយទាំងពេលវេលា និងថវិកា។

ស្របពេលជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យក្រុមហ៊ុន និងរាជរដ្ឋាភិបាល ពិភាក្សាគ្នាឱ្យម៉ត់ចត់ ក្នុងការកំណត់តម្លៃសេវាប្រើប្រាស់ ដើម្បីឱ្យប្រើប្រាស់ផ្លូវនេះកាន់តែសកម្ម។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសាទរចំពោះការត្រៀមដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលនឹងផ្តល់ភាពងាយស្រួល ដល់ការដឹកជញ្ជូនទំនិញ និងជំរុញកំណើនសេដ្ឋកិច្ច។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមេសានេះ ឧកញ៉ា លឹម ហេង លើកឡើងថា ការដាក់ដំណើរការផ្លូវល្បឿនលឿននេះ នឹងផ្តល់ជម្រើសថ្មីដល់អ្នកបើកបរ ជាអ្នកពិសេសអ្នកដឹកជញ្ជូនទំនិញទៅកំពង់ផែក្រុងព្រះសីហនុសម្រាប់នាំចេញ និងភ្ញៀវទេសចរ។ ប្រសិនបើពួកគេមិនចង់បង់ប្រាក់ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿននេះទេ គឺអាចជ្រើសរើសយកផ្លូវសាធារណៈរបស់រដ្ឋ (ផ្លូវជាតិលេខ៤) ប៉ុន្តែយ៉ាងណាគាត់អាចនឹងចំណាយពេលវេលាច្រើន និងប្រេងឥន្ធនៈច្រើន។ តែប្រសិនបើគាត់ជ្រើសរើស បើកបរលើផ្លូវល្បឿន ដោយបង់ប្រាក់ទៅឱ្យក្រុមហ៊ុន អ្នកបើកបរនឹងចំណេញពេលវេលា កាត់បន្ថយប្រេង ដែលជាការប៉ះប៉ូវឱ្យគ្នាវិញ។

លោកបន្តថា «ក្នុងនាមវិស័យឯកជនយើងអបអរសាទរ និងសមិទ្ធផលថ្មីរបស់ជាតិយើង ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច តាមរយៈផ្លូវថ្នល់នេះ ងាយស្រួលដឹកជញ្ជូនទំនិញ និងអ្នកធ្វើដំណើរទេសចរ យើងអាចធ្វើដំណើរលឿន ចំណេញពេលវេលាច្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជាច្រកជំរុញកំណើនសេដ្ឋកិច្ច សម្រាប់ទីក្រុងកំពង់ផែរបស់យើង ដែលនេះជាចំណុចដ៏សំខាន់ ដែលយើងត្រូវតែមានផ្លូវល្បឿនលឿននេះ ហើយកាន់តែច្រើន មិនត្រឹមតែមួយខ្សែទេ យើងសង្ឃឹមថានឹងមានពីបាវិតទៅដល់វៀតណាម ក៏ដូចជាពីភ្នំពេញទៅដល់ប៉ោយប៉ែត និងសង្ឃឹមថា មានការតភ្ជាប់ពីប៉ោយប៉ែតទៅខេត្តសៀមរាប និងមកឆ្ពោះមកកាន់ភ្នំពេញទៀត គឺជុំវិញបឹងទន្លេសាប»

ជាមួយគ្នានេះ ឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ បានលើកឡើងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់រោងចក្រផលិតផលស្បែកជើង កាបូប និងសំលៀកបំពាក់ទូទាំងប្រទេស ខណៈដែលវិស័យនេះកំពុងត្រូវការផ្លូវល្បឿនលឿននេះ ដើម្បីងាយស្រួល និងចំណេញពេលវេលាច្រើន ដល់ការនាំចេញទំនិញ។

លោកបន្តថា «ចំពោះការយកតម្លៃប្រមាណជិត២០ដុល្លារ ពីទីក្រុងភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុ តម្លៃយើងគិតថាថ្លៃហើយ តែបើយើងគិតពីពេលវេលាយើងសព្វថ្ងៃ ចំណាយពេលវេលា ៤ទៅ ៦ម៉ោង ទើបកុងតឺន័រ ទៅដល់កំពង់ផែ
បើមានផ្លូវ Expressway យើងប្រើតែពីរម៉ោងពីភ្នំពេញទៅដល់កំពង់ផែ ចំណេញពេលវេលា កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ល្បឿនឡានរត់ថេរធ្វើឲ្យម៉ាស៊ីនឡាន មិនសូវខូចខាត ចំណេញការចាប់ហ្វ្រាំងឡាន ចំណេញថ្លៃ ជួសជុលឡាន»

គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បានប្រមាណជាង៩០%ហើយ និងគ្រោងដាក់ដំណើរការសាកល្បងនៅខែកក្កដា ខាងមុខនេះ។ ផ្លូវនេះនឹងជួយកាត់បន្ថយពេលវេលា ធ្វើដំណើរពីរាជធានីភ្នំពេញទៅ កំពង់ផែ ក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោង មកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្ម។

តាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលដាក់ឱ្យដំណើរជាផ្លូវការ នាពេលខាងមុខ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យបើកបរដោយឥតគិតថ្លៃ ក្នុងរយៈពេលមួយខែដំបូង។ នៅក្នុងឆ្នាំទី១ ក្រុមហ៊ុននឹងគិតតម្លៃ១២ដុល្លារ សម្រាប់ការទៅ និង១២ដុល្លារ សម្រាប់ការធ្វើដំណើរត្រឡប់មកវិញ សរុប២៤ដុល្លារ។ ក្រោយពីនោះ ក្រុមអាចនឹងគិតតម្លៃ១០សេន ក្នុងមួយគីឡូម៉ែត្រ។ តែយ៉ាងណាក្តី រាជរដ្ឋាភិបាលគ្រោងពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ឱ្យយកតម្លៃក្រោម១០សេនក្នុងមួយគីឡូម៉ែត្រ។ មានន័យបើធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ចម្ងាយជិត២០០គីឡូម៉ែត្រនោះ ការចំណាយថ្លៃធ្វើដំណើរអាចជិត២០ដុល្លារ។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ចំពោះតម្លៃ១២ដុល្លារ ដែលក្រុមហ៊ុនគ្រោងគិតថ្លៃ ក្នុងឆ្នាំដំបូង គឺជាតម្លៃសមស្រប សម្រាប់លទ្ធភាពប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ដែលប្រហាក់ប្រហែលនឹងប្រទេសជិតខាង។

លោកបានពន្យល់យ៉ាងដូច្នេះថា «តម្លៃប៉ុននេះ ខ្ញុំគិតជាតម្លៃមួយដែលសមស្រប ទី១ យើងចំណេញពេលវេលា ទី២ ចំណេញថវិកា ទី៣ ចំណេញសំណឹក និងទី៤ ចំណេញការធ្វើចរាចរណ៍ពីភ្នំពេញទៅខេត្តព្រះសីហនុ។ [...] ចំពោះចំណុចមួយទៀត ដែលទាក់ទងនឹងតម្លៃក្រោយពីមួយឆ្នាំកន្លងផុតទៅ ប្រសិនបើយើងចំណាយថវិការហូតដល់ទៅ១៨ ឬ១៩ដុល្លារក្នុងពេលធ្វើដំណើរម្តង ជាតម្លៃមួយដែលខ្ពស់គួរសមដែរ។ ហើយប្រសិនបើតម្លៃប្រេងសាំង ម៉ាស៊ូតចុះថោកទៀត ប្រជាជននឹងចាប់ផ្តើមថ្លឹងថ្លែងថាគួរប្រើផ្លូវចាស់ ឬផ្លូវល្បឿនលឿន»

លោកបន្តថា «ក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធគួរពិចារណាគិតដែរ ព្រោះថាការលក់នេះ គួរមានការសិក្សាស្រាវជ្រាវទីផ្សារផ្សេងៗនៅតាមបណ្តាប្រទេសផ្សេងៗ ប្រទេសជិតខាង និងប្រទេសចិនជាដើម»

លោកបន្តថា ផ្លូវល្បឿនលឿននេះ គឺជាផ្លូវដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនទំនិញផ្សេងៗ ទៅមកភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរ។ ប្រសិនបើការកំណត់តម្លៃថ្លៃពេកនឹង ធ្វើឱ្យក្រុមហ៊ុនទាំងនោះ មានការរារែកក្នុងការប្រើប្រាស់ផ្លូវនេះ។ ហេតុនេះ លោកសង្ឃឹមថា ក្រោយបញ្ចប់ឆ្នាំដំបូង ក្រុមហ៊ុននឹងពិចារណា គិតគូរ ថាគួរយកតម្លៃ១០សេនក្នុងគីឡូម៉ែត្រ ឬតម្លៃ១២ដុល្លារដូចឆ្នាំទី១ដដែល ព្រោះតម្លៃ១២ដុល្លារទៅ និង១២ដុល្លារមក នឹងជំរុញការប្រើប្រាស់ផ្លូវល្បឿនលឿននេះ ឱ្យកាន់តែច្រើនថែមទៀត។ ប្រសិនបើក្រុមហ៊ុនគិតតម្លៃ១៨ ដុល្លារ ឬ១៩ដុល្លារក្នុងការធ្វើដំណើរម្តង គឺជាតម្លៃខ្ពស់ ដែលនាំឱ្យការប្រើប្រាស់ផ្លូវនេះ មានកម្រិត។

សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង១៨៧.០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១៩ ដោយចំណាយថវិកាប្រមាណ២ពាន់លានដុល្លារ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញ ឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ មានការរីកចម្រើនលឿនជាងធម្មតា ដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ គ្រាដែលរាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុ ក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត ៕