(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបបានស្នើការផ្អាកដកហូតពន្ធរយៈពេលមួយឆ្នាំ លើទំនិញទាំងអស់ដែលនាំចូលពីប្រទេសអ៊ុយក្រែន ដែលមិនគ្របដណ្តប់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងអំឡុងពេលមានសង្រ្គាមជាមួយរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា វិធានការនេះនឹងអនុវត្តជាពិសេសចំពោះបន្លែ និងផ្លែឈើ ដែលជាកម្មវត្ថុចំពោះលក្ខខណ្ឌតម្រូវតម្លៃអប្បបរមា ផលិតផលកសិកម្មដែលត្រូវគោរពតាមកូតា និងទំនិញឧស្សាហកម្មមួយចំនួនទៀត ដែលពន្ធលើទំនិញទាំងនេះនឹងត្រូវលុបចោលសន្សឹតរហូតដល់ដំណាច់ឆ្នាំ២០២២។ ការលុបចោលនេះដែលមានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-អ៊ុយក្រែន ឆ្នាំ២០១៦ ក៏អនុវត្តផងដែរចំពោះជី ផលិតផលអាលុយមីញ៉ូម និងរថយន្ត។

សហភាពអឺរ៉ុបក៏នឹងលើកលែងអ៊ុយក្រែនពីវិធានការការពារដែលដាក់កំណត់លើការនាំចូលដែកថែប និងដកចេញពន្ធប្រឆាំងការលក់បង្ខូចថ្លៃ ដែលសហភាពអឺរ៉ុបកំពុងដាក់នាពេលបច្ចុប្បន្នលើបំពង់ដែក ផលិតផលដែកសំប៉ែតរមូរ និងបន្ទះដែករបស់អ៊ុយក្រែនផងដែរ។ វិធានការនេះនឹងត្រូវការការអនុម័តពីសភាអឺរ៉ុប និងរដ្ឋាភិបាលសហភាពអឺរ៉ុប ដើម្បីចូលជាធរមាន។

គណៈកម្មការអឺរ៉ុបដែលមានតួនាទីត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនៅក្នុងសហភាពអឺរ៉ុបដែលមានប្រទេសចំនួន២៧ បានឱ្យដឹងថា វិធានការដែលមិនធ្លាប់មានពីមុនមកនេះត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយការលំបាកសម្រាប់ក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុននាំចេញរបស់អ៊ុយក្រែនក្នុងពេលដែលមានការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។

លោក Valdis Dombrovskis អនុប្រធានគណៈកម្មការអឺរ៉ុបនិងជាស្នងការទទួលបន្ទុកបាណិជ្ជកម្មបានថ្លែងថា៖ «ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីមក សហភាពអឺរ៉ុបបានផ្តល់អាទិភាពដល់សារៈសំខាន់នៃការរក្សាសេដ្ឋកិច្ចរបស់អ៊ុយក្រែនឱ្យដំណើរការទៅមុខ ដែលមានសារៈសំខាន់ទាំងដើម្បីជួយឱ្យអ៊ុយក្រែនឈ្នះសង្រ្គាមនេះ និងដើម្បីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញក្រោយសង្គ្រាម»

កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងសហភាពអឺរ៉ុប និងអ៊ុយក្រែនមានច្រើនជាង ៥២ប៊ីលានអឺរ៉ូ (៥៥ប៊ីលានដុល្លារ) ដែលកើនឡើងទ្វេដងធៀបនឹងមុនពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ២០១៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕