(ហ្សាការតា)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ីបានឱ្យដឹងនៅថ្ងៃពុធថា ឥណ្ឌូនេស៊ីបានពង្រីកវិសាលភាពនៃការហាមឃាត់ការនាំចេញរបស់ខ្លួនលើវត្ថុធាតុដើមសម្រាប់ផលិតប្រេងឆា ដោយរួមបញ្ចូលទាំងប្រេងដូងឆៅ និងប្រេងដូងចម្រាញ់រួច ដែលធ្វើឱ្យទីផ្សារមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូរគោលនយោបាយចុងក្រោយបំផុត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រកាសនេះបានប្រែក្រឡាស់សេចក្តីប្រកាសព័ត៌មានរបស់លោករដ្ឋមន្ត្រីដែលបានចេញថ្មីៗនេះ ដែលនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះលោករដ្ឋមន្ត្រីបានឱ្យដឹងថា ការហាមឃាត់ការនាំចេញនេះនឹងគ្របដណ្តប់តែលើប្រេងដូងចម្រាញ់ ប្រេងបំប្លែងទៅជាសនិងស្រាល (bleached palm oil) និងប្រេងបំបាត់ក្លិនប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី Airlangga Hartarto បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានខ្លីមួយថា ការផ្លាស់ប្តូរនេះគឺ «ស្របតាមការសម្រេចចិត្តរបស់ប្រធានាធិបតី និងបន្ទាប់ពីបានគិតគូរពីយោល់បល់ត្រលប់ និងទស្សនៈពីប្រជាជន»

លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយថា តម្រូវការរបស់ប្រជាជននូវអាហារដែលមានតម្លៃសមរម្យបានកើនលើសពីក្តីបារម្ភអំពីប្រាក់ចំណូលទៅទៀតនៅពេលនេះ។

លោកប្រធានាធីបតីមានប្រសាសន៍ថា៖ «នៅពេលដែលតម្រូវការក្នុងស្រុកត្រូវបានបំពេញរួចហើយ ពិតណាស់ខ្ញុំនឹងលុបចោលការហាមឃាត់ការនាំចេញ ព្រោះខ្ញុំដឹងថា ប្រទេសនេះត្រូវការពន្ធ... រូបិយប័ណ្ណបរទេស.... អតិរេកពាណិជ្ជកម្ម ប៉ុន្តែការបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនគឺជាអាទិភាពសំខាន់ជាង»

លោក Widodo បានបន្តថា ឥណ្ឌូណេស៊ីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការក្នុងស្រុក ហើយវាជា «រឿងហួសចិត្ត» ដែលប្រទេសនេះកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឆា៕ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕