(បាងកក)៖ ធនាគារកណ្តាលថៃបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើប្រាក់បាត ហើយត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើតម្លៃរបស់រូបិយប័ណ្ណនេះមានការប្រែប្រួលខុសពីធម្មតា។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយរបស់ធនាគារកណ្តាលថៃថា ការធ្លាក់ថ្លៃប្រាក់បាតត្រូវបានជំរុញជាចម្បងដោយកត្តាខាងក្រៅ។ ប្រាក់បាតត្រូវបានជូញដូរក្នុងម្លៃ ៣៤,២២បាតក្នុងមួយដុល្លារនៅពេលបិទម៉ោងជួញដូរកាលពីថ្ងៃអង្គារ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិតប្រាំឆ្នាំ។

ធនាគារកណ្តាលថៃបន្តថា ទំនោររបស់ធនាគារកណ្តាលអាមេរិកឆ្ពោះទៅរកគោលនយោបាយរូបិយវត្ថុតឹងតែងជាងការរំពឹងទុក បានបន្តជំរុញកំណើនថ្លៃប្រាក់ដុល្លារ ដែលបណ្តាលឱ្យរូបិយប័ណ្ណនានាក្នុងតំបន់ធ្លាក់ចុះថ្លៃ រួមទាំងប្រាក់បាតផងដែរ។

ចាប់តាំងពីដើមឆ្នាំមក ប្រាក់បាតបានធ្លាក់ចុះ ២,៥% ធៀបនឹងប្រាក់ដុល្លារ ខណៈដែលរូបិយប័ណ្ណនានាក្នុងតំបន់បានធ្លាក់ចុះពី ១% ទៅ ៥,៥%។

ធនាគារកណ្តាលមួយនេះបានឱ្យដឹងទៀតថា ការព្រួយបារម្ភអំពីការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិនបន្ទាប់ពីការបិទខ្ទប់ទីក្រុងនានាជាបន្ត បានដាក់បន្ទុកលើរូបិយប័ណ្ណក្នុងតំបន់ ខណៈពេលដែលប្រាក់បាតរបស់ថៃប្រឈមមុខនឹងសម្ពាធរយៈពេលខ្លីបន្ថែមពីលំហូរចេញភាគលាភរបស់អ្នកវិនិយោគបរទេស។

ធនាគារកណ្តាលថៃបានបន្តថា វិស័យឯកជនគួរតែគ្រប់គ្រងហានិភ័យឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលទីផ្សារហិរញ្ញវត្ថុនៅពេលមានភាពមិនច្បាស់លាស់ខ្ពស់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕