(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា ចំពោះអចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារបន្ថែម១ឆ្នាំទៀត ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា «អនុលោមតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយគ្នាកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល និងផ្នែកតាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិក ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២»

ការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) តាមលក្ខខណ្ឌដូចខាងក្រោម៖

១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិក តាមតម្លៃទីផ្សារជាក់ស្តែង ដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រា ក្នុងអំឡុងពេលនេះ។

២៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក ឬបច្ចុប្បន្នទៅជានិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬទៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញលក់ ខុសពីទីផ្សារជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឲ្យដឹងថា ចំពោះយន្ដការនៃការបន្ដសុពលភាព លើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២២ នឹងជួយឲ្យវិស័យអចលនទ្រព្យបន្ដចរន្ដក្នុងការដោះដូរទិញលក់ច្រើនជាងមុន។

លោកបានបន្ដថា «សម្រាប់ខ្ញុំយល់ឃើញថា យន្ដការនៃការបន្ដសុពលភាពលើកលែងពន្ធប្រថាប់ត្រានេះ ជាផ្នែកមួយដ៏សំខាន់ សម្រាប់ជួយឲ្យអ្នកវិនិយោគ មានឱកាសវិនិយោគលើវិស័យអចលនទ្រព្យ ទិញលក់ទទួលបានប្រាក់កម្រៃចំណេញ កត្តាទាំងនេះជាការជំរុញ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ ព្រមទាំងចំណូលរបស់រដ្ឋផងដែរ»

សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅសម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះស្មើ ឬក្រោមតម្លៃ៧ម៉ឺនដុល្លារ រយៈពេល១ឆ្នាំនេះអនុវត្តន៍ចាប់ខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។ ប៉ុន្តែនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្តអនុគ្រោះរយៈពេល១ឆ្នាំថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២២៕