(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានរួមសហការជាមួយអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ បូករួមជាមួយការផ្សព្វផ្សាយនានាពីបង់ពន្ធ ធ្វើឲ្យបទល្មើសនៃការគេចវេសពន្ធ ត្រូវបានកាត់បន្ថយបានច្រើន។

ការលើកឡើងរបស់អគ្គនាយកពន្ធដារ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសកែសម្រួលភារកិច្ច និងតែងតាំងថ្នាក់ដឹកនាំ សាខាពន្ធខណ្ឌចំនួន៦ នៅរាជធានីភ្នំពេញ។

លោក គង់ វិបុល សូមថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ចុះបង្រ្កាបបទល្មើសពន្ធដារមួយចំនួន ដែលជាប្រភេទបទល្មើសជាប្រព័ន្ធ ដែលនាំឲ្យបាត់បង់ចំណូលពន្ធរាប់សិបលានដុល្លារ កន្លងមកបានអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព។

លោកបានបញ្ជាក់ថា «ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញពីការសប្បាយចិត្ត ចំពោះការកើនឡើងនៃប្រាក់ពន្ធ លទ្ធផលដែលទទួលនេះ បានមកពីការចូលរួមសហការពីអាជ្ញាធរ មានកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលរាជធានីភ្នំពេញ តុលាការ និងគ្រប់អង្គភាពទាំងអស់ បូករួមនឹងការផ្សព្វផ្សាយនានា របស់អគ្គនាយកដ្ឋាពន្ធដារ ធ្វើឲ្យសហគ្រាសដែលមានគម្រោងគេចវេសពន្ធ ងាកមកគោរពច្បាប់ឡើងវិញ នេះជាការងារមួយដែលត្រូវបន្ដ និងលើកទឹកចិត្តឲ្យបន្ដបន្ថែម»

តែយ៉ាងណា ទោះបីជាការប្រមូលពន្ធ មានភាពល្អប្រសើរយ៉ាងណាក្ដី ប៉ុន្ដែពន្ធដារនៅតែជួបបញ្ហាប្រឈមមួយចំនួន។ ជាក់ស្ដែងការចុះបញ្ជីពន្ធដារ នៅរាជធានីភ្នំពេញ នៅតែមានបញ្ហាប្រឈម ចំពោះផ្លូវមិនមានលេខ, ផ្ទះមិនមានអាស័យដ្ឋាន ដែលផ្ដល់ឱកាសដល់ជនខិលខូច គេចវេសមិនព្រមបង់ពន្ធជូនរដ្ឋ។

រដ្ឋមន្រ្ដីប្រតិភូបានថ្លែងថា «ការចុះបញ្ជីនៅក្នុងរាជធានីភ្នំពេញ មានផលលំបាកមួយចំនួន លើបញ្ហាផ្លូវមិនមានឈ្មោះ លំនៅដ្ឋានអត់មានអាស័យដ្ឋាន ដែលនិន្នាការ នៃការគេចវេសពន្ធច្រើនតែចុះបញ្ជីនៅម្ដុំកន្លែងទាំងនេះ (កន្លែងផ្លូវមិនមានឈ្មោះ, ផ្ទះមិនមានអាសយដ្ឋាន)។ ចំពោះបញ្ហាផ្លូវមិនមានឈ្មោះ លំនៅដ្ឋានអត់មានអាស័យដ្ឋាននេះ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានទៅចុះបញ្ជីតាមទីតាំងដែលបានប្រាប់ ពេលទៅដល់ គឺមិនមានទីតាំង និងអាស័យដ្ឋាននោះឡើយ ផលលំបាកទាំងនេះ អគ្គនាយកដ្ឋានពន្ធដារតែងតែជួបប្រទះ»

លោកបានបន្ដថា ចំពោះបញ្ហាទាំងនេះអគ្គនាយកដ្ឋានពន្ធដារ សូមកិច្ចសហការពីអាជ្ញាធរជួយពន្លឿននូវកិច្ចការងារនេះឲ្យបានល្អ សម្រាប់ការគ្រប់គ្រងលើការចុះបញ្ជីពន្ធដារ។

សូមជម្រាបថា នៅត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធបានចំនួន ៥ ១១៥.៤២ប៊ីលានរៀល ស្មើនឹងប្រមាណជា ១ ២៦៣.០៧ លានដុល្លារ ស្មើនឹង៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២៕