(មីលែន)៖ ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុបលោក Paolo Gentiloni បានឱ្យដឹងថា សហភាពអឺរ៉ុប (EU) មានបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រេងនិងឧស្ម័នរបស់រុស្ស៊ីចំនួន ២ភាគ៣នៅដំណាច់ឆ្នាំនេះ និងដល់កម្រិតសូន្យនៅចុងឆ្នាំ២០២៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Gentiloni ក៏បានឱ្យដឹងផងដែរថា EU នឹងទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២២ ពីទិសដៅ ៤% កន្លងមក ដោយគ្រោងនឹងចេញផ្សាយការព្យាកររបស់ខ្លួននៅថ្ងៃទី១៦ ខែឧសភា។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីសប្តាហ៍មុនបានទម្លាក់ការព្យាករកំណើនរបស់តំបន់ចាយប្រាក់អឺរ៉ូសម្រាប់ឆ្នាំ២០២២ មកនៅត្រឹម ២,៨% ពី ៣,៩% ដោយសារផលវិបាកដែលកើតចេញពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី។

ប៉ុន្តែលោក Gentiloni បានថ្លែងថា វាលឿនពេកក្នុងការនិយាយថាតើការថមថយកំណើនសេដ្ឋកិច្ចនេះនឹងនាំឱ្យទៅរកភាពនៅទ្រឹងនៃសេដ្ឋកិច្ចនោះ។ លោកបានលលើកឡើង «កត្តាវិជ្ជមានមួយចំនួនដែលបានទទួលពីឆមាសទី២ ឆ្នាំ២០២១» ដូចជាកម្រិតគ្មានការងារធ្វើទាបខ្លាំង និងការសន្សំប្រាក់មានកម្រិតខ្ពស់ជាដើម។

លោកបានបន្ថែមថា៖ «ហានិភ័យនៃភាពទ្រឹងនៃសេដ្ឋកិច្ចក៏នឹងអាស្រ័យយ៉ាងខ្លាំងទៅលើរយៈពេលនៃ កើតមានសង្គ្រាមផងដែរ»៕