(កូឡុំបូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារបានជំរុញឱ្យប្រទេសស្រីលង្កា រឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដំឡើងពន្ធ និងប្រើប្រាស់អត្រាប្តូរប្រាក់ប្រកបដោយភាពបត់បែន ដើម្បីដោះស្រាយវិបត្តិបំណុលរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសដែលមានប្រជាជនចំនួន ២២លាននាក់នេះបានស្នើសុំប្រាក់កម្ចីពីមូលនិធិ IMF ខណៈដែលប្រទេសនេះកំពុងជម្នះក្នុងការចំណាយលើការនាំចូលទំនិញសំខាន់ៗ ក្នុងគ្រាដែលជួបប្រទះវិបត្តិបំណុល និងការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់បម្រុងរូបិយប័ណ្ណបរទេសដែលបានជំរុញឱ្យមានការកើនឡើងអតិផរណា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Anne-Marie Gulde-Wolf នាយកស្តីទីនៃនាយកដ្ឋានតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអនឡាញមួយថា៖ «យើងមានការពិភាក្សាបច្ចេកទេសដ៏ល្អនិងប្រកបដោយផ្លែផ្កាស្តីពីការរៀបចំសម្រាប់ការចរចាជាមួយអាជ្ញាធរនានាកាលពីចុងសប្តាហ៍មុន និងកាលពីរបីថ្ងៃមុននោះ»

លោក Ali Sabry រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កា ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាជាមួយ IMF ធនាគារពិភពលោក ឥណ្ឌា និងប្រទេសដទៃទៀតអំពីជំនួយហិរញ្ញវត្ថុសម្រាប់ប្រទេសរបស់លោក ដែលបានផ្អាកការទូទាត់សម្រាប់បំណុលបរទេសចំនួន ៥១ប៊ីលានដុល្លារ។

ដោយអំពាវនាវដល់ប្រទេសស្រីលង្កាឱ្យចាត់វិធានការបង្កើនប្រាក់ចំណូលពន្ធដើម្បីដោះស្រាយតម្រូវការចំណាយសំខាន់ៗ លោកស្រី Gulde-Wolf បានឱ្យដឹងថា៖ «លក្ខខណ្ឌតម្រូវសម្រាប់ការផ្តល់ប្រាក់កម្ចី នឹងជាការវិវឌ្ឍទៅមុខឆ្ពោះទៅរកនិរន្តរភាពបំណុល»

លោកស្រីបានបន្ថែមថា៖ «គោលនយោបាយរូបិយវត្ថុត្រូវតែរឹតបន្តឹង ដើម្បីរក្សាអតិផរណាឱ្យស្ថិតក្នុងការគ្រប់គ្រងបាន។ យើងមើលឃើញតម្រូវការឱ្យមានអត្រាប្តូរប្រាក់ដែលមានភាពបត់បែន»

លោកស្រី Guide-Wolf មិនបានឆ្លើយតបទៅនឹងសំណួរដែលសួរអំពីចំនួនទឹកប្រាកក់សរុបដែលមូលនិធិ IMF អាចផ្តល់កម្ចីណាមួយឡើយ ហើយក៏មិនបានកំណត់ពេលវេលាប្រហាក់ប្រហែលណាមួយចំពោះការបញ្ចប់ការចរចាជាមួយស្រីលង្កាផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕