(ភ្នំពេញ)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគទុនជប៉ុន មកធ្វើការកែច្នៃផលិតផលកសិកម្ម ដែលមានសក្តានុពលនៅកម្ពុជា។

ការលើកទឹកចិត្តបែបនេះ របស់លោកឧកញ៉ា តែ តាំងប៉ បានធ្វើឡើងក្នុងពិធីរៀបចំកម្មវិធីផ្តូរផ្គងអាជីវកម្ម ជប៉ុន-កម្ពុជា និងកម្មវិធីចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងសមាគមជប៉ុន-កម្ពុជា (JCA) ដោយមានការចូលរួមពីលោក ហាតាកាស៊ី ហ្វូមីគី ប្រធានសមាគមន៍កម្ពុជាជប៉ុន JCA និងតំណាងអ្នកវិនិយោគជប៉ុន-កម្ពុជា ជាច្រើន នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២។

លោកឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា៖ «កម្ពុជាមានឱកាសច្រើនដល់អ្នកវិនិយោគ ព្រោះប្រទេសកម្ពុជាមានវិស័យកសិកម្មល្អ បើសិនអ្នកវិនិយោគទុនជប៉ុន មកធ្វើការកែច្នៃផលិតផលកសិកម្ម ដែលមាននៅកម្ពុជា មានទាំងប៉ុន្មាន ឱ្យទៅជាចំណីអាហារ គ្រាន់តែយើងផ្គត់ផ្គង់នៅក្នុងស្រុកខ្មែរ មួយឆ្នាំប្រមាណ៤ពាន់លានដុល្លារ នោះយើងមិនដឹងយកលុយទៅណាអស់នោះទេ»។

លោក ហាតាកាស៊ី ហ្វូមីគី បានជម្រាបជូនអំពីវត្ថុបំណងនៃដំណើរទស្សនកិច្ចកម្ពុជារបស់គណៈប្រតិភូក្រុមហ៊ុនជប៉ុនឱកាសនេះ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងសក្ដានុពលវិនិយោគតាមបណ្ដាខេត្ត-រាជធានី។

លោកឧកញ៉ា ក៏សម្ដែងក្ដីសង្ឃឹមថា គណៈប្រតិភូវិនិយោគជប៉ុន នឹងមានការចាប់អារម្មណ៍ ចំពោះការវិនិយោគពាក់ព័ន្ធ នឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការវិនិយោគជប៉ុន-កម្ពុជា ហើយលោកឧកញ៉ាធានា និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។

លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើនត្រូវការជំរុញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស និងត្រូវការដៃគូវិនិយោគនានា ដើម្បីជួយអោយសហគ្រាសរបស់ខ្លួនកាន់តែរីកចម្រើន ក្នុងនាមសម្ពន័្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC) យើងបានខិតខំព្យាយាមទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការជាច្រើនជាមួយបណ្តាប្រទេសអាស៊ីមួយចំនួន មានដូចជា ប្រទេសជប៉ុន ចិន កូរ៉េ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម ដើម្បីបង្កើតឱ្យមានកម្មវិធីជំនួបពាណិជ្ជកម្មបែបនេះឡើង។

ជំនួបពាណិជ្ជកម្មជាមួយ និងប្រទេសជប៉ុននៅពេលនេះ មានគោលបំណងដើម្បីបង្កើន និងពង្រឹងចំណងកិច្ចសហការពាណិជ្ជកម្ម ក៏ដូចជាស្វែងយល់ពីប្រភេទផលិតផល ប្រភេទពាណិជ្ជកម្មកាន់តែច្បាស់ និងផ្គូរផ្គងមើលថា តើផលិតផលណាខ្លះ ដែលកម្ពុជាអាចនាំចេញ ទៅប្រទេសជប៉ុនបាន ក៏ដូចជាផលិតណាមួយដែលជប៉ុន អាចនាំចូលមកកម្ពុជាបាន។ សង្ឃឹមយ៉ាងមុតមាំថា ជំនួបនេះនឹងទទួលបានផ្លែផ្កាដ៏ត្រចះត្រចង់ ហើយចង់ឃើញផលិតផលខ្មែរមានវត្តមានកាន់តែច្រើន នៅក្នុងទីផ្សារប្រទេសជប៉ុន។

លោកឧកញ៉ា តែ តាំងប៉ បានលើកទឹកចិត្តដល់វិនិយោគជប៉ុន «ដោយធានាថា បើអ្នកវិនិយោគជប៉ុនចង់វិនិយោគនៅទូទាំងកម្ពុជា ២៥ខេត្ត-រាជធានី លោកអាចជួយបានទាំងអស់ ដោយសម្រួលបង្កើតតំបន់ឧស្សាហ៍កម្ម មានដីទំហំ ៣០ហិកតា ដោយរាជរដ្ឋាភិបាលបានលើកទឹកចិត្តអ្នកនៅក្នុងតំបន់។ អ្នកវិនិយោជប៉ុនចង់វិនិយោគ នៅខេត្តណា FASMEC នឹងជួយរៀបចំឯកសារ សម្របសម្រួលផ្លូវច្បាប់ ធ្វើមិចឱ្យអ្នកវិនិយោគជប៉ុន បង្កើតក្នុងតំបន់ធ្វើការលក់នៅក្នុងស្រុក ហើយនាំចេញក៏ស្រួលដែរ»។

នាឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ ក៏បានថ្លែងអំណរគុណដល់លោក ដែលបាននាំអ្នកវិនិយោគជប៉ុន មកស្វែងយល់ និងបណ្តាក់ទុននៅកម្ពុជា នាពេលនេះ៕