(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នេះបើតាមសេក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកស្រី ភាណ សោភ័ណ្ឌ ប្រធានអង្គការ អុកស្វាម តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីថ្នាកដឹកនាំនិងមន្រ្ដីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ និងតំណាងមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា។

លោក គង់ វិបុល បានគូសបញ្ជាក់អំពីសារៈសំខាន់នៃក្រុមការងារនេះ ក្នុងតួនាទីនៃការជំរុញពង្រឹងអនុលោមភាពសារពើពន្ធលើកកម្ពស់ការស្វែងយល់អំពីពន្ធដារ ព្រមទាំងគាំទ្រ និងជំរុញការដោះស្រាយបញ្ហារួមគ្នាអំពីកាតព្វកិច្ចសារពើពន្ធ ក្នុងក្របខ័ណ្ឌវិជ្ជាជីវៈ និងឈរលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន ព្រមទាំងស្មារតីនៃភាពជាដៃគូពិភាក្សា ដូចទៅនឹងយន្តការ ដែលអគ្គនាយកដ្ឋានពន្ធដារបានអនុវត្តក្នុងក្របខ័ណ្ឌយន្តការនៃភាពជាដៃគូពន្ធដារ-វិស័យឯកជន នាពេលកន្លងមក។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជូនអង្គការ សមាគមនានា ក្នុងន័យផ្សព្វផ្សាយ និងផ្តល់សេវាពន្ធដារ ក៏ដូចជាយកចិត្ដទុកដាក់ដោះស្រាយនូវរាល់សំណូមពរ និងបញ្ហានានាដែលបានលើកឡើងដោយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការអនុវត្ដច្បាប់ និងបទប្បញ្ញត្ដិស្ដីពីពន្ធដារ។

លោក គង់ វិបុល បានបញ្ជាក់ថា ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ ប្រកបដោយតម្លាភាព សមធម៌ និងមានប្រសិទ្ធភាពខ្ពស់រួមមាន៖

*សូមចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធរួមទាំងការចុះបញ្ជី ការកាន់បញ្ជិកាគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការប្រកាសបង់ពន្ធឱ្យបានទៀងទាត់ ការចូលរួមចំណែកទប់ស្កាត់ការប្រព្រឹត្តបទល្មើស គេចវេះពន្ធ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងការបំពេញកាតព្វកិច្ចសារពើពន្ធផ្សេងៗទៀត
*សូមចូលរួមចំណែកអនុវត្តឱ្យបានត្រឹមត្រូវ និងមានតម្លាភាពនូវច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារជាធរមាន ហើយចំពោះការអនុវត្តវិធានការលើកលែងពន្ធនានា អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្ត ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលតែងតែបានជូនដំណឹងទៅក្រុមការងារចម្រុះ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតាមគ្រប់រូបភាពផងដែរ
*សូមធ្វើបច្ចុប្បន្នព័ត៌មានសហគ្រាសឱ្យបានទៀងទាត់ និងត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារជាធរមាន
*ការអនុវត្តកាតព្វកិច្ចសារពើពន្ធ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបប្រកបដោយតម្លាភាព ស្មើភាព និងសមធម៌ ដោយធ្វើការផ្អែកលើទិដ្ឋភាពបច្ចេកទេស និងដោយវិជ្ជាជីវៈ
*ការបំពេញកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការធានាបាននូវប្រសិទ្ធភាពនៃការប្រមូលចំណូល, តម្លាភាព, និងការប្រកួតប្រជែងដោយស្មើភាព
*កន្លងមក ក៏មានអង្គការ សមាគមមួយចំនួនបានអភិវឌ្ឍខ្លួន ទៅជាសហគ្រាសធំ និងស្វែងរកប្រាក់ចំណេញវិញដូចជា៖ ធនាគារ អេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ជាដើម។

ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំក្រុមការងារចម្រុះ៖

*កាតព្វកិច្ចចុះបញ្ជីរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ស្របតាមខ្លឹមសារនៃប្រកាសលេខ ៤៦៤ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការណែនាំអនុវត្ដកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
*ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជូនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ, ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ និ ងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ដើម្បីធ្វើឱ្យល្អប្រសើរឡើងនូវកម្រិតអនុលោមភាពសារពើពន្ធ ឆ្លើយតបនឹងការធ្វើកំណែទម្រង់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
*ការកំណត់លក្ខណវិនិច្ឆ័យរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាអ្នកជាប់ពន្ធមធ្យម ស្របតាមប្រកាសលេខ ០០៩ សហវ.ប្រក ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្ដីពី ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាម របបស្វ័យប្រកាស
*ការអនុវត្តពន្ធកាត់ទុកពីអ្នកផ្គត់ផ្គង់សេវាដែលមិនទាន់បានចុះបញ្ជីសារពើពន្ធ
*ការធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

តាមរយៈកិច្ចប្រជុំថ្ងៃនេះ ក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានពិភាក្សា និងដោះស្រាយចង្ងល់ សំណូមពរ ព្រមទាំងបញ្ហានានាដែល សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានជួបប្រទះ។ បអគ្គនាយកដ្ឋានពន្ធដារនឹងបន្តផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបន្ថែមទៀត ជូនដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការអនុវត្តតាមប្រព័ន្ធអនឡាញនានា ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ។

បន្ថែមពីនេះអគ្គនាយកដ្ឋានពន្ធដារនឹងចេញជាសេចក្តីណែនាំបន្ថែមពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធកាត់ទុករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល៕