(ហាណូយ)៖ សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញ ប៉ុន្តែមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា អតិផរណានិងហានិភ័យហិរញ្ញវត្ថុក៏អាចនឹងកើនឡើងផងដែរ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

ក្នុងការពិគ្រោះយោបល់ដែលបានធ្វើឡើងជាមួយមន្ត្រីកំពូលរបស់ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ លោក Era Dabla-Norris ប្រធានបេសកកម្មប្រចាំប្រទេសវៀតណាម និងជាប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF បានឱ្យដឹងថា ជម្លោះនៅអ៊ុយក្រែនទំនងជាមានផលប៉ះពាល់កម្រិតមធ្យមទៅលើល្បឿននៃការងើបសេដ្ឋកិច្ចឡើងវិញ និងអតិផរណានៅក្នុងប្រទេសវៀតណាម។

កាសែត VN Express បានរាយការណ៍ថា ទោះបីជាមានការឡើងថ្លៃទំនិញ និងវត្ថុធាតុដើមក៏ដោយ ក៏មូលនិធិ IMF ជឿថា អតិផរណារបស់វៀតណមនៅតែស្ថិតនៅក្រោមការគ្រប់គ្រង ដែលបង្ហាញផងដែរថា សកម្មភាពសេដ្ឋកិច្ចនៅតែមានកម្រិតមធ្យម។

មូលនិធិ IMF រំពឹងថា អតិផរណានៅវៀតណាមនឹងកើនឡើងដល់ ៣,៩ភាគរយនៅដំណាច់ឆ្នាំនេះ ដែលខិតជិតទៅរកគោលដៅគ្រប់គ្រងរបស់វៀតណាម។ ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានរំពឹងថានឹងកើនឡើង ៦ភាគរយនៅឆ្នាំ២០២២ និង ៧,២ភាគរយនៅឆ្នាំ២០២៣។

លោក Dabla-Norris បានមានប្រសាសន៍ថា៖ «ទស្សនវិស័យរយៈពេលខ្លីនេះគឺពោរពេញដោយហានិភ័យធំៗ»។ លោកបន្ថែមថា កត្តាជាច្រើនអាចបណ្តាលឱ្យកំណើនសេដ្ឋកិច្ចថមថយហើយអតិផរណាកើនឡើង។

ហានិភ័យផ្ទាល់រួមមានការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ ហានិភ័យផ្សេងទៀតក៏ត្រូវបានបង្កឡើងដោយការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុសកល ក៏ដូចជាការអភិវឌ្ឍនៅក្នុងទីផ្សារអចលនទ្រព្យ និងទីផ្សារមូលបត្របំណុលសាជីវកម្មផងដែរ។ នេះបើយោងតាមកាសែត VN Express៕