បម្រាមនាំចេញប្រេងដូងរបស់ឥណ្ឌូណេស៊ីធ្វើឱ្យប្រទេសនាំចូលប្រេងដូងធំៗក្នុងពិភពលោកជួបការលំបាក

(ក្រុងបុមបៃ)៖ ប្រទេសដែលពឹងផ្អែកលើការនាំចូលប្រេងរុក្ខជាតិនៅទូទាំងពិភពលោកគ្មានជម្រើសអ្វីតែក្រៅពីចំណាយប្រាក់កាន់តែច្រើនសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកនោះទេបន្ទាប់ពីមានការហាមឃាត់ការនាំចេញប្រេងដូងដ៏ភ្ញាក់ផ្អើលរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំបំផុតក្នុងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការហាមឃាត់នាំចេញនេះបានបង្ខំឱ្យប្រទេសនាំចូលរុក្ខជាតិជាច្រើនស្វែងរកជម្រើសជំនួស ដែលកំពុងខ្វះការផ្គត់ផ្គង់រួចស្រេចទៅហើយនោះដោយសារអាកាសធាតុមិនល្អ និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

អ្នកឃ្លាំមើលក្នុងឧស្សាហកម្មនេះបានព្យាករថា ការហាមឃាត់ដោយឥណ្ឌូនេស៊ីចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅ នឹងធ្វើឱ្យឡើងថ្លៃចំពោះប្រេងរុក្ខជាតិសំខាន់ៗរួមទាំងប្រេងដូង ប្រេងសណ្តែក ប្រេងផ្កាឈូករ័ត្ន និងប្រេងរ៉ាប់ស៊ីដ។ ការឡើងថ្លៃនេះ នឹងធ្វើឱ្យមានភាពតានតឹងបន្ថែមលើប្រទេសនាំចូលដែលមានភាពរសើបចំពោះតម្លៃនៅក្នុងទ្វីបអាស៊ី និងអាហ្រ្វិកដែលរងគ្រោះដោយសារតម្លៃប្រេងឥន្ធនៈ និងអាហារកាន់តែខ្ពស់។

លោក James Fry ប្រធានក្រុមហ៊ុនប្រឹក្សាទំនិញ LMC International បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ការសម្រេចចិត្តរបស់ឥណ្ឌូនេស៊ីមិនត្រឹមតែប៉ះពាល់ដល់ភាពអាចរកបានប្រេងដូងប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រេងរុក្ខជាតិនៅទូទាំងពិភពលោកទៀតផង»។

ប្រេងដូង ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីនំខេក និងសម្រាប់ចៀននិងបំពង រហូតដល់គ្រឿងសំអាង និងផលិតផលសម្អាត មានចំនួនជិត ៦០ ភាគរយនៃការនាំចេញប្រេងរុក្ខជាតិនៅទូទាំងពិភពលោក ហើយឥណ្ឌូនេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេក្នុងពិភពលោកនេះ មានចំណែកប្រហែលមួយភាគបីនៃការនាំចេញប្រេងរុក្ខជាតិទាំងអស់។ ឥណ្ឌូនេស៊ីបានប្រកាសពីការហាមប្រាមការនាំចេញនេះនៅថ្ងៃទី២២ ខែមេសារហូតដល់មានការជូនដំណឹងបន្ថែម។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានឱ្យដឹងថា លោកចង់ធានាឱ្យបាននូវភាពអារកបាននៃផលិតផលម្ហូបអាហារនៅក្នុងប្រទេសបន្ទាប់ពីអតិផរណាស្បៀងអាហារពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលប្រទេសផលិតដំណាំដ៏ធំមួយ។

លោក Fry បានមានប្រសាសន៍ថា៖ «ការហាមឃាត់នេះកំពុងកើតឡើងនៅពេលដែលបរិមាណនាំចេញនៃប្រេងសំខាន់ៗផ្សេងទៀតទាំងអស់ស្ថិតនៅក្រោមសម្ពាធ៖ ប្រេងសណ្តែកសៀងរងប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនៅអាមេរិកខាងត្បូង ប្រេងរ៉ាប់ស៊ីដដោយសារគ្រោះមហន្តរាយដំណាំកាណូឡាក្នុងប្រទេសកាណាដា និងប្រេងផ្កាឈូករ័ត្នដោយសារតែសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន»។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងរុក្ខជាតិបានកើនឡើងច្រើនជាង ៥០ភាគរយក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដោយសារកត្តាផ្សេងៗរាប់ចាប់ពីកង្វះកម្លាំងពលកម្មនៅក្នុងប្រទេសម៉ាឡេស៊ី រហូតដល់គ្រោះរាំងស្ងួតនៅក្នុងប្រទេសអាហ្សង់ទីនដែលជាប្រទេសនាំចេញប្រេងសណ្តែកសៀងធំជាងគេ និងកាណាដាដែលជាប្រទេសនាំចេញប្រេងកាណូឡាធំជាងគេ ដែលបានកាត់បន្ថយការផ្គត់ផ្គង់។

ប្រទេសដែលជាអតិថិជនសំខាន់ៗសង្ឃឹមថា ដំណាំផ្កាឈូករ័ត្នពីប្រទេសនាំចេញធំបំផុតគឺអ៊ុយក្រែននឹងបន្ធូរបន្ថយភាពតឹងតែង ប៉ុន្តែការផ្គត់ផ្គង់ពីទីក្រុងកៀវ បានអាក់ខាន ដោយសារតែអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការពិសេស» នៅក្នុងប្រទេស។

លោក Atul Chaturvedi ប្រធានសមាគម ពាណិជ្ជកម្មឥណ្ឌា (SEA) បានឱ្យដឹងថា កត្តានេះបានជំរុញឱ្យប្រទេសនាំចូលពឹងផ្អែកលើ ប្រេងដូងដែលអាចជួយប៉ះប៉ូវកង្វះខាតការផ្គត់ផ្គង់រហូតដល់មានការហាមឃាត់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ឥណ្ឌូនេស៊ី ដែលបានបង្កឱ្យមាន «ការលំបាកទ្វេដង» ដល់ប្រទេសជាអ្នកទិញ។

លោក Chaturvedi បានបន្ថែមថា ប្រទេសនាំចូលនានាដូចជា ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន នឹងព្យាយាមបង្កើនការទិញប្រេងដូងពីម៉ាឡេស៊ី ប៉ុន្តែប្រទេសផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោកមិនអាចបំពេញកង្វះខាតដែលបង្កើតឡើងដោយការហាមឃាត់នាំចេញរបស់ឥណ្ឌូនេស៊ីបានទេ។

ឥណ្ឌូនេស៊ីជាធម្មតាផ្គត់ផ្គង់ជិតពាក់កណ្តាលនៃការនាំចូលប្រេងដូងសរុបរបស់ប្រទេសឥណ្ឌា ខណៈដែលប៉ាគីស្ថាន និងបង់ក្លាដែសនាំចូលជិត ៨០ភាគរយនៃប្រេងដូងរបស់ខ្លួនពីប្រទេសឥណ្ឌូនេស៊ី។

លោក Rasheed JanMohd ប្រធានសមាគមអ្នកចម្រាញ់ប្រេងរុក្ខជាតិប៉ាគីស្ថាន (PEORA) បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «គ្មានប្រទេសណាមួយអាចប៉ះប៉ូវបាននូវការបាត់បង់ក្នុងទីផ្សារដោយសារការហាមឃាត់ការនាំចេញប្រេងដូងរបស់ឥណ្ឌូនេស៊ីបានទេ។ ប្រទេសនីមួយៗនឹងរងទុក្ខ»៕