(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃបានប្តេជ្ញាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងកំណើនតម្លៃទំនិញប្រើប្រាស់ នៅពេលដែលតម្លៃលក់រាយរបស់ប្រេងម៉ាស៊ូតត្រូវបានរដ្ឋាភិបាលថៃលែងដាក់ការកំណត់តម្លៃ និងអនុញ្ញាតឱ្យកើនឡើងនៅថ្ងៃទី១ ខែឧសភា។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Boonyarit Kalayanamit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មថៃដែលបានថ្លែងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលថៃនឹងអនុញ្ញាតឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើងខ្ពស់ជាង ៣០ បាតក្នុងមួយលីត្រដែលជំរុញឱ្យមានការព្រួយបារម្ភជាសាធារណៈថា តម្លៃទំនិញប្រើប្រាស់នឹងកើនឡើងផងដែរដែលធ្វើឱ្យការចំណាយលើជីវភាពរស់នៅកើនឡើង។

លោកថ្លែងថា ក្រសួងបានវិភាគថ្លៃដើមរបស់ផលិតផល ហើយបើទោះជាមានការឡើងថ្លៃ ប្រេងម៉ាស៊ូតក៏ដោយ នេះមិនមានន័យថាថ្លៃដើមនៃផលិតផលនីមួយៗនឹងកើនឡើងនោះទេ។ លោកបន្តថា វាចាំបាច់ត្រូវពិចារណាថា តើការកំណត់តម្លៃខ្ពស់ពិតជាឆ្លុះបញ្ចាំងពីថ្លៃដើមផលិតកម្មឬអត់។

លោកបន្តថា ប្រសិនបើថ្លៃដើមមានកម្រិតខ្ពស់ពិតមាន តម្លៃផលិតផលអាចត្រូវបានអនុញ្ញាតឱ្យឡើងថ្លៃបាន។ លោកបន្តថា ទោះបីជាយ៉ាងណា បើថ្លៃដើមកើនឡើងតិចតួច សំណើសុំដំឡើងថ្លៃមិនសម ហេតុផលនឹងត្រូវបដិសេធ។

លោកមានប្រសាសន៍ថា៖ «នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានវិភាគលើថ្លៃដើមទំនិញគ្រប់ប្រភេទ។ ក្រសួងនឹងតាមដានតម្លៃទំនិញយ៉ាងដិតដល់»។ លោកបន្ថែមថា៖ «ប្រសិនបើមិនមានការប៉ះពាល់ខ្លាំងពេកលើ ថ្លៃដើមផលិតទេ ក្រុមហ៊ុននឹងត្រូវបានស្នើឱ្យរែកពន់លើការចំណាយបន្ថែមនេះ ហើយមិនត្រូវហុចបន្តទៅឱ្យអ្នកប្រើប្រាស់ក្នុងពេលនេះទេ។ សំខាន់បំផុត ពួកគេមិនត្រូវទាញយកផលប្រយោជន៍ពីស្ថានភាព ហើយដំឡើងតម្លៃដោយមិនសមហេតុផលទេ»៕