(កំពង់ស្ពឺ)៖ រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិមួយ ត្រូវបានបើកសម្ពោធឡើង ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យផលិតកម្មចំណីសត្វនៅកម្ពុជា ដែលប្រសូត្រចេញពីកិច្ចសហការដ៏រឹងមាំមួយរវាងក្រុមហ៊ុនក្នុងស្រុក គឺក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច និងក្រុមហ៊ុនអន្តរជាតិ (ហូឡង់)។

ការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺពិតជាឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា ការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផល សម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន គឺជាកាតព្វកិច្ចចាំបាច់របស់ក្រសួងដែលត្រូវសហការចូលរួមបំពេញតួនាទី ដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកក្នុងបរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

តាមការបញ្ជាក់របស់លោកអគ្គនាយក ឌី ហឹស្ស ធីអិមអេច បានឲ្យដឹងថា ឌី ហឹស្ស ធីអិមអេច គឺជាក្រុមហ៊ុនផលិតចំណីសត្វមួយ ក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង១១១ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតាដែលជាស្ថាបនិក បង្កើតក្រុមហ៊ុននេះនៅប្រទេសនែតដឺឡង់ (ហូឡង់)។

ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន១៥ លានដុល្លារ សាងសង់រោងចក្រលើផ្ទៃដីចំនួន៧,១៥៤ម៉ែត្រការ៉េ មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទចំនួន១៥,០០០តោន/ខែ ប្រើកម្មករ៥២នាក់។ មានផែនការផលិតចំណីសត្វ១៨០,០០០តោន/ឆ្នាំ។ វត្ថុធាតុដើមក្នុងស្រុកដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ។ បច្ចេកទេសផលិត ភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប។ ២០%នៃថាមពលដែលប្រើប្រាស់ក្នុងរោងចក្រ គឺបានពីថាមពលពន្លឺព្រះអាទិត្យ។

លោកបានបន្តថា ទិសដៅអនាគត ក្រុមហ៊ុននឹងទៅបង្កើតរោងចក្រទៅខេត្តបាត់ដំបងមួយទៀត ដែលជាខេត្តផលិតវត្ថុធាតុដើមសំខាន់មួយ។

គួរជម្រាបថា ដោយសារតម្រូវការកាន់តែកើនឡើងខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋពង្រីកការចិញ្ចឹមសត្វ ពីការចិញ្ចឹមលក្ខណៈគ្រួសារ ឱ្យឈានដល់ការចិញ្ចឹមបែបពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងឈានដល់ការនាំចេញទៀតផង៕