(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រោងនឹងបញ្ចេញថវិកាចំនួន១៥០លានដុល្លារ ដើម្បីជួយដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក្រោយបើកប្រទេសឡើងវិញ តាមរយៈការផ្តល់ហិរញ្ញប្បទានពីធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ជាមួយនឹងអត្រាការប្រាក់ទាប។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក លឹម អូន អគ្គនាយកធនាគារ SME Bank បានឲ្យដឹងថា កញ្ចប់ថវិកានេះ គឺជាគម្រោងថវិកាថ្មីដែលរាជរដ្ឋាភិបាល បានផ្ដល់ជូនតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយទុនរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុ។

លោក លឹម អូន បានបញ្ជាក់យ៉ាងដូច្នេះថា «ថវិកាសរុបសម្រាប់គម្រោង គឺ១៥០លានដុល្លារ ក្នុងនោះថវិកា៧៥លានដុល្លារ ពីខាងរាជរដ្ឋាភិបាល ដែលមានធនាគារ SME ជាសេនាធិកាអនុវត្ដគម្រោង និង៧៥លានដុល្លារទៀត ពីការចូលរួមខាងធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»

អគ្គនាយកធនាគារ SME Bank បានគូសបញ្ជាក់ថា ចំពោះពេលវេលាច្បាស់លាស់ សម្រាប់បញ្ចេញកញ្ចាប់ថវិកា ១៥០លានដុល្លារនេះ គឺមិនទាន់កំណត់ នៅឡើយទេ ប៉ុន្ដែអាចនឹងបញ្ចេញនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ ជាមួយនឹងអត្រាការប្រាក់ទាប៦.៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៧ឆ្នាំ។

លោក លឹម អូន បានបញ្ជាក់ឲ្យដឹងថា ថវិកានេះគឺសម្រាប់ជួយ និងស្ដារនូវលទ្ធភាពអាជីវកម្ម ក្នុងវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ អាហារ ការផ្គត់ផ្គង់ ភេសជ្ជៈ និងសេវាកម្មផ្សេងទៀត ក្រោយពីកម្ពុជា បានបើកប្រទេសឡើងវិញ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់ជំងឺកូវីដ-១៩។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានថ្លែង ស្វាគមន៍ និងរីករាយ ជាមួយនឹងដំណឹងដ៏ល្អមួយនេះ ប៉ុន្ដែចំពោះអត្រាការប្រាក់ ៦.៥% ក្នុងមួយឆ្នាំ លោកគិតថា ជាអត្រាមួយនៅតែខ្ពស់សម្រាប់វិស័យទេសចរណ៍ ដែលរងគ្រោះជាង២ឆ្នាំមកនេះ។

លោក ធួន ស៊ីណាន បានបញ្ជាក់យ៉ាងដូច្នេះថា «សំណូមពរឲ្យរាជរដ្ឋាភិបាល ពិចារណាឡើងវិញទៅលើការប្រាក់ ៦.៥% ហើយធ្វើយ៉ាងណាឲ្យអត្រាការប្រាក់ទាបបំផុត ទៅតាមអ្វីដែលអាចធ្វើទៅបាន និងជួយដល់វិស័យទេសចរណ៍បានកាន់តែច្រើន»

បន្ថែមពីនោះទៀត លោក ធួន ស៊ីណាន បានលើកឡើងថា នៅតាមបណ្ដាប្រទេសអាស៊ាន និងអ៉ឺរ៉ុប អត្រាការប្រាក់ ដែលជួយដល់វិស័យឯកជន តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) គឺវាមិនគួរលើសពី៣ ទៅ៤ភាគរយនោះទេ ក្នុងមួយឆ្នាំ។

លោកថា នៅក្នុងវិស័យទេសចរណ៍ បើសិនជាមិនមានការជួយ ពីខាងរាជរដ្ឋាភិបាល និងខាងធនាគារនោះទេ វិស័យមួយនេះ ពិបាកណាស់ក្នុងការងើបឡើងវិញ។ សណ្ឋាគារ បានបិទរយៈពេល២ឆ្នាំមកហើយ ដូច្នេះនៅពេលបើកវិញ គឺត្រូវចំណាយច្រើន ក្នុងការទិញសម្ភារៈ និងឧបករណ៍ថ្មីៗ។

លោក ធួន ស៊ីណាន បានបញ្ជាក់ថា ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក្រុមហ៊ុនទេសចរណ៍មិនមានច្រើនទេ ដែលនៅដំណើរការ ដោយសារតែខ្វះលទ្ធភាព ក្នុងការដំណើរការឡើងវិញ ក្រោយជួបវិបត្ដិកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងមក៕