(កោះកុង)៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលស្ថិតក្នុងស្រុកបទុមសាគរ ខេត្តកោះកុង បានចាប់ផ្តើមដំណើរការហោះហើរលក្ខខណ្ឌបច្ចេកទេស រយៈពេល៧ថ្ងៃ តាមរយៈការធ្វើតេស្តឧបករណ៍សំខាន់ៗ និងបច្ចេកទេសនៃការហោះហើរ មុននឹងឈានទៅដាក់ដំណើរការសាកល្បងនៅ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពុងស្ថិតនៅក្នុងដំណាក់ការ ធ្វើតេស្ត និងវាស់វែងឧបករណ៍ដែលបានដំឡើងរួច ដើម្បីធានាថា ឧបករណ៍ទាំងនោះ ឆ្លើយតបបានទៅនឹងស្តង់ដារគុណភាព អនុលោមទៅតាមលក្ខខណ្ឌតម្រូវការសុវត្ថិភាពនៃការហោះហើរ។

លោកបានឱ្យដឹងទៀតថា «មុននឹងបើកដំណើរការ ចាំបាច់ត្រូវធ្វើតេស្តគ្រប់ឧបករណ៍ទាំងអស់ ដូចជាប្រព័ន្ធភ្លើងនាំផ្លូវ ប្រព័ន្ធវិទ្យុនាំផ្លូវចុះចត ប្រព័ន្ធទំនាក់ទំនង ក៏ដូចជាឡានពន្លត់អគ្គីភ័យ និងផ្នែកផ្សេងទៀត ព្រមទាំងធនធានមនុស្ស ដែលបញ្ជាទៅលើឧបករណ៍ទាំងនោះ ដើម្បីធានាបាននូវសុវត្ថិភាព»។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការធ្វើតេស្តឧបរណ៍សំខាន់ៗ និងការរៀបចំឯកសារសម្រេចបានបករហែល៦០% ហើយ បើគិតមកដល់ពេលនេះ។

លោកបានគូសបញ្ជាក់ថា តាមគម្រោងព្រលានយន្តហោះនេះ នឹងដាក់ដំណើរការប្រតិបត្តិការហោះហើរសាកល្បងនៅខែកក្កដាឆ្នាំនេះ ក្រោយបញ្ចប់ពីការធ្វើតេស្តឧបករណ៍ បំពេញ បាននូវលក្ខណ្ឌតម្រូវបច្ចេកទេស និងសុវត្ថិភាពរួច ។ ប៉ុន្តែយ៉ាងណាក្តី គម្រោងនេះអាចនឹងត្រូវការពេលវេលាបន្ថែមទៀត (ពន្យារពេល) ដើម្បីបំពេញបាននូវបែបបទបច្ចេកទេស ក៏ដូចជាការទទួលបាន នូវវិញ្ញបនបត្រ / អាជ្ញាប័ណ សម្រាប់ការចាប់ផ្តើមកិច្ចប្រតិបត្តិការព្រលាននេះទាំងមូល។

ប្រតិបត្តិការហោះហើរសាកល្បងលក្ខខណ្ឌបច្ចេកទេស (Flight Test / Flight validation) បានផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែមេសារហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹក ប្រាក់២០០លានដុល្លារ (តំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។

អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350 ។ល។