(ភ្នំពេញ)៖ អ្នកជំនាញទេសចរណ៍ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះការប្រឈមខ្វះខាតធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ បន្ទាប់ពីរយៈពេលជាង២ឆ្នាំមកនេះ វិស័យទេសចរណ៍បានរងនូវគ្រោះមហត្តរាយ ដោយសារជំងឺកូវីដ១៩ ធ្វើឲ្យធនធានមនុស្សក្នុងវិស័យនេះ បោះបង់ជំនាញ និងអាជីពរបស់ខ្លួនចោល ទៅរករបរផ្សេងដើម្បីចិញ្ចឹមជីវិត។

ថ្លែងឲ្យដឹងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ១៩» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ហូ វណ្ឌី តំណាងសមាគមទេសចរណ៍កម្ពុជា បានថ្លែងថា ក្នុងអំឡុងនៃការផ្ទុះនៃជំងឺកូវីដ១៩ ប្រមាណជាង២ឆ្នាំនេះ អ្នករកស៊ីលើវិស័យទេសចរណ៍ស្ទើរតែ៨០ភាគរយ បានបោះបង់ចោលវិស័យនេះ ចំណែកអ្នកខ្លះទៀតបានបន្ដខ្ចីបុល ដើម្បីបន្ដអាជីវកម្មរបស់ខ្លួន។

លោកលើកឡើងថា «ក្នុងជំនាន់កូវីដនេះ គឺពួកយើងស្ទើរ៨០ភាគរយ ដើរចេញពីវិស័យទេសចរណ៍ ជាង២ឆ្នាំហើយ [...] អ្នកខ្លះមានតែអជ្ញាប័ណ្ណប៉ុន្តែប្រតិបត្តិការអត់មានទេ ពួកខ្ញុំដែលជាអ្នកធ្វើផ្ទាល់ គឺយើងដឹងដូចគ្នា អ្នកខ្លះសុខចិត្តខ្ចីបុលគេ ដើម្បីបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួន ដើម្បីបុគ្គលិកដែលខំតស៊ូជាមួយគ្នា»

លោកបានបន្ដទៀតថា ចំពោះភ្នាក់ងារទេសចរណ៍ បានទទួលរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ១៩ ដែលធ្វើឲ្យអ្នកជំនាញបាត់បង់អាជីព ការងារ ព្រមទាំងជំនាញរបស់ខ្លួន ដោយអ្នកខ្លះទៀតបានបោះបង់អាជីពខ្លួនចោល ដោយទៅរកមុខជំនាញថ្មីៗ ដើម្បីបន្ដរកចំណូលសម្រាប់ជីវិត។

លោកបានបន្ថែមថា «ជាការពិតតាមរយៈពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាលពីពេលថ្មីៗនេះ បានបង្ហាញពីការវាស់វែងយ៉ាងធំៗ អំពីការវិលត្រឡប់ទៅរកការកម្រើកឡើងវិញ នៃវិស័យទេសចរណ៍ ប៉ុន្ដែទោះជាយ៉ាងនេះក្ដីអ្នកជំនាញលើវិស័យទេសចរណ៍មួយចំនួន មិនអាចត្រឡប់មកតាមការស្នើសុំបានឡើយ ដោយសារតែអ្នកជំនាញមួយចំនួន បានចាប់យកអាជីពមុខរបរផ្សេងៗបាត់ទៅហើយ ដូច្នេះក្នុងវិស័យទេសចរណ៍ យើងបានបាត់បង់អ្នកជំនាញជាច្រើន»

លោកបានបន្ថែមថា ជំងឺកូវីដ១៩ បានបំផ្លាញនូវធនធានមនុស្ស ពិសេសអ្នកមានជំនាញលើវិស័យទេសចរណ៍ ត្រូវបានបង្ខំចិត្តបោះបង់ជំនាញរបស់ខ្លួន ដើម្បីទៅចាប់យកនូវមុខរបរថ្មី បានបំផ្លាញនូវធនធានហិរញ្ញវត្ថុ, បំផ្លាញគម្រោងវិនិយោគទេសចរណ៍គ្រប់ខ្នាតទាំងតូចទាំងធំ ប៉ុន្ដែក្រសួងទេសចរណ៍ រាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងមែនទែន ដើម្បីហៅត្រឡប់មកវិញនូវធនធានមនុស្ស ដើម្បីចូលប្រឡូកក្នុងជំនាញនេះឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងដែរថា ការបើកប្រទេសពេញលេញ ការបើកទូលាយសម្រាប់ទេសចរបរទេស បូករួមជាមួយការកើនឡើងរបស់ភ្ញៀវទេសចរ នេះជាកត្តាជំរុញលើកទឹកចិត្តឲ្យ អ្នកជំនាញផ្នែកទេសចរណ៍ អាចនឹងត្រឡប់មកបម្រើការងារ តាមចំណេះជំនាញរបស់ខ្លួន។

លោកស្រីបញ្ជាក់ថា «ទោះជាយ៉ាងនេះ ក្ដីមានអ្នកជំនាញទេសចរណ៍មួយចំនួន នឹងមិនវិលត្រឡប់មកវិញនោះទេ ដោយសារតែពួកគាត់បានចាប់យក ចំណេះជំនាញថ្មី និងប្រកបរបរថ្មីទៅហើយ។ តែយ៉ាងណានៅតែមានក្ដីសង្ឃឹមថា អ្នកជំនាញទេសចរណ៍នឹងវិលត្រឡប់ មកចាប់យកចំណេះជំនាញរបស់ខ្លួនឡើងវិញ តាមរយៈការមើលឃើញពីចំនួនកើនឡើង នៃភ្ញៀវទេសចរក្នុងស្រុក បូករួមនឹងចំណេះជំនាញដែលខ្លួនមានស្រាប់»

សូមជម្រាបថា ការបើកប្រទេសពេញលេញឡើងវិញ រួមទាំងបន្ធូរលក្ខខណ្ឌចូលប្រទេសកម្ពុជា របស់រាជរដ្ឋាភិបាល កំពុងផ្តល់ក្តីសង្ឃឹមដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ មានសង្ឃឹមឡើងវិញ។ ទន្ទឹមនឹងការបើកប្រទេសពេញលេញនេះ វិស័យទេសចរណ៍ ក៏ទទួលបានការលើកទឹកចិត្ត ផ្នែកពន្ធពីរាជរដ្ឋាភិបាលផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏ត្រៀមបញ្ចេញប្រាក់កម្ចីមានការប្រាក់ទាប ប្រមាណ១៥០លានដុល្លារ ជួយស្រោចស្រង់វិស័យទេសចរណ៍ថែមទៀត៕