(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា ការដាក់ឱ្យប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) នឹងជួយជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ដើម្បីជួយស្តារវិស័យទេសចរណ៍ក្នុងអំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។

លោកថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់អនុវត្តជាផ្លូវការក្នុងនាមរាជរដ្ឋាភិបាលនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

ប្រព័ន្ធ GTAS ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តនៅថ្ងៃនេះ នឹងមិនតម្រូវឱ្យយកកម្រៃពីភ្ញៀវទេសចរឡើយ ដែលនេះជាការចួលរួមកាត់បន្ថយថ្លៃដើមនៃកញ្ចប់សេវាទេសចរណ៍របស់កម្ពុជា និងចូលរួមគាំទ្រដល់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកវីដ១៩ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ប្រព័ន្ធនេះជួយដល់ការបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធ GTAS នាពេលនេះ គឺជាពេលវេលាដ៏សមស្របមួយសម្រាប់ការឆ្លើយតបនៃការវិលត្រឡប់មករកភាពប្រក្រតីភាពឡើងវិញលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស។

លោកបន្តថា ក្រោយបញ្ឈប់ការរឹតត្បិតការធ្វើដំណើរ ដំណើរការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ សម្រេចបានប្រមាណ៣៧%ហើយ បើធៀបនឹងកាលពីឆ្នាំ២០១៩ មុនពេលមានការរាតត្បាតជំងឺកូវីដ។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងរយៈពេល៣ខែនេះ ការដឹកជញ្ជូនអ្នកដំណើរបានកើនឡើង១៥០%។

លោកបន្ថែមថា «យើងសង្ឃឹមថា ភាពប្រក្រតីនៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ដូចការព្យាករណ៍របស់ស្ថាប័នអាកាសចរណ៍អន្តរជាតិនានា»

ប្រព័ន្ធ GTAS គឺជាឧបករណ៍បច្ចេកវិទ្យាព័ត៌មាន មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ និងមានសមត្ថភាព៖ ទទួលយកទិន្នន័យអ្នកដំណើរតាមផ្លូវអាកាសជាមុន ពីក្រុមហ៊ុនអាកាសចរណ៍, ផ្ដល់ព័ត៌មាន API/PNR ជូនអាជ្ញាធរមានសមត្ថកិច្ច ដោយទាញយកតាមរយៈថ្នាល CamDX ដើម្បីវិភាគហានិភ័យ និងប្រើប្រាស់តាមតួនាទីភារកិច្ចរៀងៗខ្លួន, តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ ដើម្បីវិភាគហានិភ័យសំខាន់ៗមួយចំនួនដូចជា ៖ បទល្មើសរត់គេចពន្ធ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននានា។

តាមរបាយការណ៍ដែលបង្ហាញដោយលោក សែ សុឃន អនុប្រធានអចិន្រ្តយ៍ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស(ក.ប.អ) និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស(ក.ប.អ)បានបន្តកិច្ចសហការជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិផ្សេងទៀត ដោយសម្រេចបានការតភ្ជាប់ប្រព័ន្ធ និងបញ្ចូនទិន្នន័យ API មកកាន់ប្រព័ន្ធ GTAS បានចំនួន ១៣ ក្រុមហ៊ុន ឬ ស្មើនឹងប្រមាណជាង ៧៧ % នៃក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងមានសកម្មភាពហោះហើរចេញ-ចូលកម្ពុជា។

ផ្អែកតាមបទពិសោធន៍ និងវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមក កម្ពុជាអាចមានសមត្ថភាពពង្រីកវិសាលភាព ឈានទៅអនុវត្តពេញលេញនូវគម្រោងប្រព័ន្ធ GTAS លើក្រុមហ៊ុនអាកាសចរណ៍ដែលមានសកម្មភាពហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជាទាំងអស់ នៅឆមាសទី២ ឆ្នាំ២០២២។

អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យវិស័យឯកជនពាក់ព័ន្ធលើការតភ្ជាប់ប្រព័ន្ធ GTAS បញ្ជូនទិន្នន័យមកកាន់ប្រព័ន្ធ GTAS ត្រូវបំពេញកាតព្វកិច្ចសហការការងារជាមួយអន្តរក្រសួង ដើម្បីឈានទៅអនុវត្តពេញលេញនូវការប្រើប្រាស់ប្រព័ន្ធ GTAS ដល់គ្រប់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិហោះហើរ ចេញ-ចូលកម្ពុជា ក្នុងឆមាសទី២ ឆ្នាំ២០២២៕