(សិង្ហបុរី)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីលោក Lawrence Wong បានថ្លែងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 បានឯកភាពគ្នាលើតម្រូវការចំបាច់ក្នុងការសម្របសម្រួលគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចពិភពលោក ខណៈដែលប្រទេសនានាកំពុងឈានទៅរកព្យុះវិបត្តិជាច្រើន។

លោក Lawrence Wong បានចូលរួមកិច្ចប្រជុំលើកទី២ របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលរបស់ក្រុមប្រទេស G20 និងកិច្ចប្រជុំ World Bank-IMF Spring នៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។

កាសែត Channel News Asia (CNA) បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Wong ដែលបានថ្លែងនៅក្នុងវីដេអូមួយដែលបានផ្សព្វផ្សាយលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា៖ «យើងកំពុងជួបគ្នាក្រោមកាលៈទេសៈមិនធម្មតា។ តាមវិធីជាច្រើន យើងកំពុងឆ្ពោះទៅរកព្យុះ វិបត្តិដ៏ខ្លាំងក្លាជាច្រើន។

លោកបានបន្ថែមថា៖ «នោះហើយជាមូលហេតុដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុបានពិភាក្សា និងឯកភាពថា យើងចាំបាច់ត្រូវសម្របសម្រួលគោលនយោបាយរបស់យើង មិនថាជាគោលនយោបាយសារពើពន្ធ ឬគោលនយោបាយរូបិយវត្ថុនោះទេ ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចពិភពលោកក្នុងអំឡុងពេលនេះ”។

យោងតាមកាសែត Channel News Asia (CNA) លោក Wong បានជំរុញឱ្យប្រទេសនានាក៏យកចិត្តទុកដាក់លើបញ្ហារយៈពេលវែងដែលកំពុងឆាបឆេះផ្សេងទៀតផងដែរ ខណៈពេលដែលដោះស្រាយវិបត្តិបន្ទាន់។ ការពិចារណានេះរួមបញ្ចូលទាំងការពង្រឹងប្រព័ន្ធសុខភាពសាធារណៈពិភពលោក និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

លោក Wong បានថ្លែងថា៖ «យើងមានការពិភាក្សាដ៏ល្អក្នុងចំណោមខ្លួនយើងអំពីរបៀបដែលយើងអាចជំរុញរបៀបវារៈសំខាន់ៗទាំងនេះ។ នៅក្នុងពេលវេលាដ៏មិនច្បាស់លាស់ទាំងនេះ យើងមិនអាចមានលទ្ធភាពទទួលយកវិធីសាស្រ្តរបស់ប្រទេសនីមួយៗរៀងខ្លួនបានទេ។ យើងត្រូវការកិច្ចសហប្រតិបត្តិការពហុភាគីខ្លាំងជាងនេះ ដើម្បីស្តាររួមគ្នា និងស្តារឡើងវិញឱ្យកាន់តែរឹងមាំ»៕