(ណៃពិដោរ)៖ ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីការលើកលែងយ៉ាងទូលំទូលាយមួយសម្រាប់ស្ថាប័នបរទេស ពីការអនុវត្តគោលនយោបាយថ្មីដ៏ចម្រូងចម្រាសដែលតម្រូវឱ្យប្តូររូបិយប័ណ្ណបរទេសទៅជារូបិយប័ណ្ណក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលើកលែងនេះដែលបានចុះកាលបរិច្ឆេទនៅថ្ងៃទី២០ ខែមេសា រួមមានក្រុមហ៊ុនដែលមានការវិនិយោគបរទេសដែលទទួលបានការអនុម័ត ក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អ្នកការទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមហ៊ុនអាកាសចរណ៍។

ក្នុងកិច្ចប្រឹងប្រែងដើម្បីគ្រប់គ្រងកាន់តែខ្លាំងទៅលើលំហូររូបិយប័ណ្ណបរទេសនៅក្នុងប្រទេសដែលគ្រប់គ្រងដោយយោធានេះ ធនាគារកណ្តាលមីយ៉ាន់ម៉ាថ្មីៗនេះបានប្រកាសថា ចាប់ពីថ្ងៃទី៣ ខែមេសាតទៅ រូបិយប័ណ្ណបរទេសដែលរកបានក្នុងស្រុកត្រូវតែដាក់នៅធនាគារដែលមានអាជ្ញាប័ណ្ណ ហើយប្តូរទៅជារូបិយប័ណ្ណក្យាតដែលជារូបិយប័ណ្ណក្នុងស្រុកក្នុងរយៈពេលមួយថ្ងៃនៃថ្ងៃធ្វើការ។

ច្បាប់នេះបានបង្កការភ្ញាក់ផ្អើលដល់ក្រុមហ៊ុនអាជីវកម្មដែលរកស៊ីក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានមើលឃើញការចាកចេញជាច្រើនពីសំណាក់ក្រុមហ៊ុនបរទេសក្នុងរយៈពេលមួយឆ្នាំមកនេះ បន្ទាប់ពីមានរដ្ឋប្រហារដោយយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។

ការផ្លាស់ប្តូរច្បាប់នេះនឹងផ្តល់ភាពធូរស្រាលខ្លះសម្រាប់ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ ដែលបើយោងទៅតាមប្រភពមួយចំនួនក្នុងឧស្សាហកម្មនេះ ត្រូវបានរងផលប៉ះពាល់ដោយលក្ខខណ្ឌតម្រូវប្តូរប្រាក់នេះ។

កង្វះខាតប្រេងឥន្ធនៈត្រូវបានរាយការណ៍យ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍នេះ ដែលរបបយោធាបានច្រានចោលម្តងហើយម្តងទៀតជាពាក្យចចាមអារ៉ាម។

សេចក្តីជូនដំណឹងអំពីការលើកលែងនេះមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាសប្តូរនេះទេ តែការលើកលែងនេះបានធ្វើឡើងបន្ទាប់ពីក្រុមពាណិជ្ជកម្មនិងឧស្សាហកម្ម និងស្ថានទូតមួយចំនួនបានព្រមានថា សកម្មភាពអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

អ្នកដែលបានចូលរួមតវ៉ាប្រឆាំងនឹងច្បាបប់ថ្មីនេះ រួមមានទាំងសភាពាណិជ្ជកម្មបរទេសនានា ដែលពួកគេបានព្រមានថា ច្បាប់ថ្មីស្តីពីការប្តូរប្រាក់នេះនឹងបង្កើត «បញ្ហាប្រឈមដែលមិនអាចគ្រប់គ្រងបាន» សម្រាប់អាជីវកម្មមួយចំនួន ហើយនឹងផ្តាច់ប្រទេសមីយ៉ាន់ម៉ាចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕