(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ការពិភាក្សាជាមួយប្រទេសស្រីលង្កាអំពីកម្មវិធីកម្ចីដែលអាចកើតមានណាមួយរបស់ IMF ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយកិច្ចព្រមព្រៀងណាមួយនឹងតម្រូវឱ្យមាន «ការធានាគ្រប់គ្រាន់» ថា បំណុលរបស់ប្រទេសដីកោះមួយនេះអាចស្ថិតនៅលើផ្លូវប្រកបដោយនិរន្តរភាព។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Masahiro Nozaki ប្រធានផ្នែកបេសកកម្មរបស់ IMF ប្រចាំប្រទេសស្រីលង្កាបាននិយាយថា លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិ IMF បានពិភាក្សាអំពីជម្រើសផ្តល់ប្រាក់កម្ចី និងផែនការគោលនយោបាយជាមួយគណៈប្រតិភូស្រីលង្កាកាលពីថ្ងៃអង្គារ។

លោក Nozaki មានប្រសាសន៍ថា៖ «កម្មវិធីដែលគាំទ្រដោយ IMF គួរតែត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាជញ្ជីងទូទាត់ធ្ងន់ធ្ងររបស់ប្រទេសស្រីលង្កា និងធ្វើឱ្យសេដ្ឋកិច្ចវិលមករកមាគ៌ា កំណើនប្រកបដោយនិរន្តរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេចក្តីប្រកាសព័ត៌មាននេះបានធ្វើឡើងបន្ទាប់ពីការតវ៉ាដែលជាការឆ្លើយតបទៅនឹងកង្វះប្រេងឥន្ធនៈ និងទំនិញសំខាន់ៗផ្សេងទៀតបានបង្កឱ្យមានមនុស្សស្លាប់កាលពីថ្ងៃអង្គារ ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសនេះ បានស្នើសុំជាផ្លូវការពីមូលនិធិ IMF នូវកម្ចីពីយន្តការហិរញ្ញវត្ថុរហ័ស (RFI) សម្រាប់ប្រទេសដែលត្រូវការការគាំទ្រដល់ជញ្ជីងទូទាត់ជាបន្ទាន់នេះ។

លោក Nozaki បានថ្លែងទៀតថា មូលនិធិ IMF «មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននៅក្នុងប្រទេសស្រីលង្កា និងការលំបាកដែលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះ ជាពិសេសអ្នកក្រីក្រ និងងាយរងគ្រោះ»

ប៉ុន្តែលោកបានកត់សម្គាល់ថា បុគ្គលិក IMF បានសម្រេចកាលពីខែមុនក្នុងការពិនិត្យមើលសេដ្ឋកិច្ចប្រចាំឆ្នាំថា បំណុលសាធារណៈរបស់ស្រីលង្កាមិនមាននិរន្តរភាពទេ ហើយប្រទេសនេះចាំបាច់ត្រូវចាត់វិធានការដើម្បីស្តារនិរន្តរភាពបំណុល មុនពេលមានការផ្តល់ប្រាក់កម្ចីរបស់ IMF ណាមួយ រួមទាំងកម្ចីពី RFI ផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការស្ដារឡើងវិញនូវនិរន្តរភាពបំណុលបែបនេះ ជាធម្មតាទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬកែប្រែមុខមាត់បំណុលសាធារណៈឡើងវិញ ដែលនៅក្នុងករណីរបស់ប្រទេសស្រីលង្កានឹងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសចិន ដែលជាម្ចាស់បំណុលធំមួយរបស់ប្រទេសនេះ។

លោក Nozaki បានបន្ថែមថា៖ «ការពិចារណាទាំងនេះនឹងត្រូវពិនិត្យមើលសម្រាប់ការបញ្ចេញកម្ចីពី RFI ដែលអាចកើតមានឡើងណាមួយសម្រាប់ស្រីលង្កា នៅពេលដែលទទួលបានការធានាគ្រប់គ្រាន់ថា និរន្តរភាពបំណុលនឹងត្រូវបានដោះស្រាយ»