(ក្រុងឡុងដ៍)៖ ក្រុមប្រទេសផលិតប្រេង OPEC + ផលិតប្រេងក្នុងបរិមាណក្រោមទិសដៅផលិតកម្មរបស់ខ្លួនចំនួន ១,៤៥ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងខែមីនា ខណៈដែលទិន្នផលប្រេងរុស្ស៊ីចាប់ផ្តើមធ្លាក់ចុះបន្ទាប់ពីការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយ OPEC+ ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបាន។

របាយការណ៍នេះបានបង្ហាញថា ប្រទេសរុស្ស៊ីផលិតប្រេងបាន ១០,០៨លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនាដែលទាបជាងទិសដៅរបស់ខ្លួនប្រហែល ៣សែនបារ៉ែល។

ទិន្នន័យបានបង្ហាញថា ការអនុលោមតាមការកាត់បន្ថយផលិតកម្មប្រេងរបស់ក្រុមប្រទេស OPEC+ បានកើនឡើងដល់ ១៥៧% នៅក្នុងខែមីនាពី ១៣២% នៅក្នុងខែកុម្ភៈ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីក្រុមប្រទេស OPEC+ បានដាក់ចេញវិធានាការកាត់បន្ថយផលិតកម្មច្រើនមិនធ្លាប់មានគឺប្រហែល ១០លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែឧសភា ឆ្នាំ២០២០ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃជំងឺរាតត្បាតលើតម្រូវការ។

ក្រុមប្រទេស OPEC+ ដែលរួមបញ្ចូលគ្នារវាងអង្គការ OPEC និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដែលដឹកនាំដោយប្រទេសរុស្ស៊ី កាលពីខែមុនបានយល់ព្រមបង្កើនទិន្នផលប្រេងប្រចាំខែកក្នុងបរិមាណតិចតួចចំនួន ៤៣២.០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែឧសភា ដោយប្រឆាំងទៅនឹងសម្ពាធដែលដាក់ដោយប្រទេសប្រើប្រាស់ប្រេងធំៗឱ្យបូមប្រេងបន្ថែមទៀត។

នៅពេលដែលក្រុមប្រទេសផលិតប្រេងនេះបន្ធូរបន្ថយការកាត់បន្ថយការផលិត ប្រទេសផលិតប្រេងមួយចំនួន ជាពិសេសបណ្តាប្រទេសនៅអាហ្វ្រិកខាងលិចដែលកំពុងជួបបញ្ហាជាមួយនឹងកង្វះការវិនិយោគ និងការចាកចេញរបស់ក្រុមហ៊ុនថាមពលអន្តរជាតិ កំពុងបរាជ័យក្នុងការអនុវត្តតាមការបង្កើនការបូមប្រេងនេះ។

នៅក្នុងកិច្ចប្រជុំរបស់ខ្លួនកាលពីខែមុន ក្រុមប្រទេស OPEC+ ក៏បានឈប់ប្រើប្រាស់ទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសដើម្បីវាយតម្លៃលើអនុលោមភាពកូតាផលិតកម្មប្រេងរបស់ប្រទេសជាសមាជិករបស់ OPEC របស់ខ្លួនផងដែរ ដោយងាកមកប្រើប្រាស់ទិន្នន័យរបស់ក្រុមហ៊ុន Wood Mackenzie និងក្រុមហ៊ុន RystadEnergy វិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕