(កូឡុំបូ)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កាបានឱ្យដឹងនៅថ្ងៃអង្គារថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងពិចារណាផ្តល់ជំនួយហិរញ្ញវត្ថុរហ័សដល់ខ្លួន ដែលកំពុងជាប់បំណុលដ៏ច្រើន បន្ទាប់ពីមានការជួយសម្របសម្រួលពីប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

គណៈប្រតិភូដែលដឹកនាំដោយលោក Ali Sabry រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កា បានចាប់ផ្តើមកិច្ចពិភាក្សាផ្លូវការជាមួយមូលនិធិ IMF ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទសម្រាប់កម្មវិធីដែលរដ្ឋាភិបាលស្រីលង្កាសង្ឃឹមថា នឹងជួយចាក់បញ្ចូលទឹកប្រាក់ក្នុងទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន និងទាក់ទាញហិរញ្ញវត្ថុសង្គ្រោះបណ្តោះអាសន្នដើម្បីទូទាត់សម្រាប់ការនាំចូលទំនិញសំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យជាដើម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សាររបស់លោក Shamir Zavahir ជំនួយការរបស់លោក Sabry ដែលបានបង្ហោះនៅលើ Twitter ថា ស្រីលង្កាបានស្នើសុំប្រាក់កម្ចីតាមរយៈយន្តការឧបករណ៍ហិរញ្ញវត្ថុរហ័ស (RFI) ដែលយន្តការនេះគឺសម្រាប់ប្រទេសណាដែលត្រូវការការគាំទ្រដល់ជញ្ជីងទូទាត់បន្ទាន់។ លោកបានបន្តថា ប៉ុន្តែដំបូងឡើយ មូលនិធិ IMF មិនទំនងជាពិចារណាលើសំណើនេះទេ។

តែ «បន្ទាប់មក មូលនិធិ IMF បានជូនដំណឹងទៅលោករដ្ឋមន្ត្រី Sabry ថា ប្រទេសឥណ្ឌាក៏បានធ្វើជាតំណាងក្នុងនាមស្រីលង្កាសម្រាប់ RFI»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងហិរញ្ញវត្ថុស្រីលង្កា។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានបន្ថែមថា៖ «មានការសន្ទនាគ្នាថា មូលនិធិ IMF នឹងពិចារណាលើសំណើពិសេសដែលបានធ្វើឡើង ទោះបីជាសំណើនោះមិនត្រូវស្តង់តារសម្រាប់ការបញ្ចេញកម្ចីពី RFI ក្តី»

វិបត្តិហិរញ្ញវត្ថុដ៏បំផ្លិចបំផ្លាញនៅប្រទេសនេះបានកើតឡើងនៅពេលដែលកើតមានផលប៉ះពាល់នៃជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅលើហិរញ្ញវត្ថុរបស់រដ្ឋាភិបាលដែលគ្រប់គ្រងមិនត្រឹមត្រូវ និងខណៈពេលដែលការកើនឡើងតម្លៃប្រេងឥន្ធនៈបានកាត់បន្ថយទុនបម្រុងរូបិយប័ណ្ណបរទេស។ ឥន្ធនៈ ថាមពល អាហារ និងថ្នាំពេទ្យមានកម្រិតទាបក្នុងរយៈពេលជាច្រើនសប្តាហ៍មកហើយ។

លោក Sabry បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅដើមខែនេះថា ប្រទេសស្រីលង្កាកំពុងស្វែងរកថវិកា ៣ប៊ីលានដុល្លារនៅក្នុងប៉ុន្មានខែខាងមុខនេះពីប្រភពជាច្រើន រួមទាំងមូលិធិ IMF ធនាគារពិភពលោក និងប្រទេសឥណ្ឌាផងដែរ ដើម្បីទប់ស្កាត់វិបត្តិ។

ប្រភពនានាបានប្រាប់រ៉យទ័រថា ប្រទេសឥណ្ឌានឹងបន្តជួយប្រទេសជិតខាងរបស់ខ្លួន ខណៈដែលមហាយក្សអាស៊ីមួយនេះព្យាយាមដណ្តើមយកមកវិញនូវឥទ្ធិពលដែលបាត់បង់ទៅឱ្យប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទីក្រុងប៉េកាំងគឺជាអ្នកផ្តល់ប្រាក់កម្ចីធំបំផុតមួយដល់ស្រីលង្កា ហើយថែមទាំងបានសាងសង់កំពង់ផែ និងផ្លូវនៅទីនោះផងដែរ៕