(បាងកក)៖ ធនាគារកណ្តាលថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួនបានបន្ធូរបន្ថយបទប្បញ្ញត្តិប្តូរប្រាក់បរទេស (Forex) បន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យមានចលនាមូលធន និងការគ្រប់គ្រងហានិភ័យកាន់តែងាយស្រួល ខណៈដែលប្រាក់បាតបានធ្លាក់ចុះថ្លៃដល់កម្រិតទាបក្នុងរយៈពេលពីរសប្តាហ៍ធៀបនឹងប្រាក់ដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសមួយរបស់ធនាគារកណ្តាលថា ការផ្លាស់ប្តូរវិធានចុងក្រោយបំផុតនេះ រួមមានវិធានការដើម្បីកាត់បន្ថយការដាក់កំណត់លើការផ្ទេរប្រាក់ សម្របសម្រួលការការពារហានិភ័យ (Hedging) និងដកចេញលក្ខខណ្ឌតម្រូវឱ្យមានឯកសារគាំទ្រ។

វិធានការទាំងនេះក៏ត្រូវបានធ្វើឡើងស្រដៀងគ្នានឹងវិធានការកាលពីឆ្នាំមុនផងដែរ នៅពេលដែលវិធានការ Forex ត្រូវបានបន្ធូរបន្ថយដើម្បីលើកទឹកចិត្តឱ្យមានលំហូរចេញមូលធន និងទប់ទល់នឹងការប្រែប្រួលអត្រាប្តូរប្រាក់ខ្លាំង។

សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា ការដាក់កំណត់លើការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំដល់ក្រុមហ៊ុនដែលមិនមានសម្ព័ន្ធភាពនឹងគ្នា ដែលបច្ចុប្បន្នត្រូវបានកំណត់ត្រឹម ៥០លានដុល្លារ នឹងត្រូវបានដកចេញ ហើយការដាក់កម្រិតលើការទិញអចលនវត្ថុនៅបរទេសក៏ត្រូវដកចេញផងដែរ។

វិធានការដែលនឹងមានប្រសិទ្ធភាពបន្ទាប់ពីត្រូវបានចុះផ្សាយក្នុងសារាចរណ៍របស់រដ្ឋាភិបាលនេះ ក៏អនុញ្ញាតឱ្យមានការផ្ទេរប្រាក់ទៅខាងក្រៅប្រទេសក្នុងគោលបំណងជាច្រើនទៀតផងដែរ និងដកចេញលក្ខខណ្ឌតម្រូវឱ្យមានការអនុម័តជាមុនពីធនាគារកណ្តាលថៃ។

ក្រុមហ៊ុនថៃនឹងត្រូវបានអនុញ្ញាតឱ្យទិញរូបិយប័ណ្ណបរទេសសម្រាប់ផ្ទេរក្នុងស្រុកតាមការចាំបាច់។ កន្លងមក ការផ្ទេរប្រាក់ត្រូវបានអនុញ្ញាតតែតាមរយៈគណនីបញ្ញើជារូបិយប័ណ្ណបរទេសប៉ុណ្ណោះ។

ក្រុមហ៊ុនដែលធ្វើអាជីវកម្មក្នុងប្រទេសថៃ នឹងត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងការប្រឈមនឹងហានិភ័យនៃការប្តូរប្រាក់បរទេសរបស់ខ្លួនក្នុងវិសាលភាពកាន់តែទូលំទូលាយ ដូចជាការការពារការប្រឈមនឹងការប្តូរប្រាក់បរទេសដែលកើតឡើងពីការទូទាត់ក្នុងស្រុកសម្រាប់ទំនិញដែលតម្លៃត្រូវបានផ្សារភ្ជាប់ទៅនឹងទីផ្សារពិភពលោក។

ធនាគារកណ្តាលថៃបានឱ្យដឹងថា នឹងតម្រូវឱ្យមានឯកសារគាំទ្រតិចជាងមុននៅក្នុងប្រតិបត្តិការរូបិយប័ណ្ណបរទេស ដើម្បីកាត់បន្ថយការចំណាយ និងបន្ទុកឯកសារ។

ធនាគារកណ្តាលបានបន្ថែមថា៖ «ការណ៍នេះនឹងធ្វើឱ្យក្រុមហ៊ុននាំចេញ ក្រុមហ៊ុននាំចូល និងក្រុមហ៊ុននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់អាចគ្រប់គ្រងហានិភ័យនៃការប្រែប្រួលការប្តូររូបិយប័ណ្ណបរទេសរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន»