(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានលើកឡើងថា ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រោយបុណ្យចូលឆ្នាំថ្មី មិនមានការរីករាលដាលជាថ្មីទេនោះ កេរ្តិ៍ឈ្មោះរបស់កម្ពុជា នឹងអាចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ មកកម្សាន្តកាន់តែកើនឡើងបន្តិចម្តងៗ។

ក្នុងឱកាសថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី ប្រពៃណីខ្មែរ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៧ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ ចំនួន៥,១៧៥,៧៥៤នាក់ បានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា «ប្រសិនបើជំងឺកូវីដ១៩មិនមាន ឬមានក្នុងកម្រិតតិចតួច នេះ ជាទំនុកចិត្តដ៏ល្អក្នុងការបង្ហាញដល់ភ្ញៀវទេសចរអន្ដរជាតិ ឲ្យជ្រើសរើសយកកម្ពុជា ធ្វើជាគោលដៅទេសចរណ៍របស់ខ្លួន តាមរយៈកម្ពុជាបានបើកប្រទេស ការរៀបចំពិធីបុណ្យជាតិឡើងវិញ បូករួមជាមួយនឹងការចេញដើរហើររបស់ភ្ញៀវជាតិ ដែលធ្វើឲ្យភ្ញៀវអន្ដរជាតិ មានទំនុកចិត្តពីសុវត្ថិភាព ក្នុងការឈានជើងចូលកម្ពុជា»

លោកស្រីបញ្ជាក់ថា កត្តាមួយទៀតក្នុងការទាញភ្ញៀវទេសចរអន្ដរជាតិ គឺប្រជាពលរដ្ឋកម្ពុជា បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ពិសេសអ្នកបម្រើសេវាកម្មទេសចរណ៍ ដែលបង្ហាញពីសញ្ញាសុវត្ថិភាពដល់ភ្ញៀវទេសចរ បូកផ្សំនឹងការដកចេញការរឹតត្បិតឯកសារនានា ដូចជាការមិនតម្រូវឲ្យធ្វើចត្តាឡីស័កជាដើម។ ការរីកចម្រើនថ្មីៗរបស់កម្ពុជា ជាកត្តាសំខាន់មួយផ្នែកធំ ក្នុងការទាញភ្ញៀវទេសចរអន្ដជាតិ ឲ្យចង់ឃើញ ចង់ទស្សនា និងចង់មកដំណើរកំសាន្ដម្ដងទៀត។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា «ភាពល្អប្រសើរនៃការគ្រប់គ្រងជំងឺកូវីដ១៩ បូករួមជាមួយកំណើនច្រើន នៃភ្ញៀវទេសចរ ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរនេះ ជាសញ្ញាល្អរបស់កម្ពុជា ហើយជាការបង្ហាញសារ ដល់មិត្តបរទេសក្នុងសមាជិកអាស៊ាន និងពិភពលោកទាំងមូលថា កម្ពុជាជាទីតាំងសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរទាំងអស់ ដែលមានបំណងមកដំណើរកំសាន្ដ និងជាសញ្ញាដ៏ល្អដល់អ្នករកស៊ីលើវិស័យទេសចរណ៍ ឲ្យត្រៀមខ្លួនងាក់មកចាប់ជំនាញអាជីបរបស់ខ្លួនឡើងវិញ»

លោកបានបញ្ជាក់ថា បន្ថែមពីការគ្រប់គ្រងបានពីជំងឺកូវីដ១៩ យ៉ាងល្អ កម្ពុជាក៏មានភាពខ្លាំងពិសេសរបស់ខ្លួន ដែលជាគោលដៅយ៉ាងមុតស្រួច ក្នុងការទាញភ្ញៀវទេសចរអន្ដរជាតិ គឺកម្ពុជាមានទេសចរណ៍វប្បធម៌ ដោយមានប្រាសាទជាកេរ្ដិ៍មរតករបស់ដូនតា បានបន្សល់ទុករាប់ពាន់ប្រាសាទ
និងរាប់រយឆ្នាំមកហើយ មួយវិញទៀតកម្ពុជា មានទេសចរណ៍ធម្មជាតិទាំងតំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍ ដោយមានខេត្តមណ្ឌលគីរី ដែលពោរពេញដោយធម្មជាតិស្រស់បំព្រោង តាមការព្យាករណ៍តំបន់មណ្ឌលគីរី នឹងក្លាយជាតំបន់អឺរ៉ុបមួយនៃវិស័យទេសចរផងដែរ។

តាមរយៈលោក ហូ វណ្ឌី បញ្ជាក់ថា ភ្ញៀវទេសចរចិនអាចនៅតែជាគោលដៅលេខ១ដដែល ក្នុងការបោះជំហានចូលមកប្រទេសកម្ពុជា ជាសន្សឹមៗ។

លោក ធួន ស៊ីណាន ប្រធានសាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានថ្លែងថា «ប្រសិនបើស្ថានភាពនៃជំងឺកូវីដ១៩ មិនប្រែប្រួល គឺស្ថិតក្នុងស្ថានភាពល្អប្រសើរបែបនេះ កម្ពុជានឹងទាញបានភ្ញៀវទេសចរអន្ដរជាតិឡើងវិញបន្ដិចម្ដងៗ។ កម្ពុជាបន្ទាប់ពីទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ខ្ញុំអាចនិយាយបានថា វិស័យទេសចរណ៍សព្វថ្ងៃហាក់បីដូចជាប្រែខ្លួនទៅជាកូនង៉ា (ទារក) ដោយអ្វីៗចាប់ផ្ដើមពីដំបូងឡើងវិញ ពីមុនកម្ពុជាពឹងផ្អែកលើភ្ញៀវអន្ដរជាតិមកពីបណ្ដាប្រទេសអឺរ៉ុប ប្រទេសចិន ប្រទេសឥណ្ឌា និងបណ្ដាប្រទេសផ្សេងៗទៀត តែពេលនេះភ្ញៀវទេសចរមក ពីបណ្ដាប្រទេសផ្សេងៗមានតិចណាស់ ណាមួយបណ្ដាប្រទេសសផ្សេងៗដូចជា ប្រទេសចិនមិនទាន់មានគោលនយោបាយ ឲ្យប្រជាជនខ្លួន ចេញក្រៅនោះទេ»

លោកបានបន្ថែមថា ប៉ុន្ដែទោះបីជាជំងឺកូវីដ១៩ បានស្ងប់ស្ងាត់បន្ដិច ក៏មិនទាន់គ្រប់គ្រាន់ក្នុងការទាក់ទាញភ្ញៀវទេសចរនោះទេ ដោយសារតែយើងត្រូវពឹងផ្អែកលើរឿងពីរបន្ថែមទៀត គឺការតភ្ជាប់ជើងហោះហើរ បច្ចុប្បន្នកម្ពុជានៅពឹងផ្អែកប្រទេសក្នុងតំបន់នៅឡើយ ការតភ្ជាប់នេះធ្វើឲ្យការចំណាយរបស់ភ្ញៀវទេសចរ គ្រោងមកកាន់ប្រទេសកម្ពុជាចំណាយកាន់តែច្រើន ដូច្នេះក្នុងពេលមានជំងឺកូវីដ១៩ ភ្ញៀវទេសចរនៅពិចារណាក្នុងការមកកំសាន្ដនៅកម្ពុជា។

លោកបានបន្ដថា កត្តាមួយទៀត គឺបញ្ហាផ្ទុះឡើងសង្គ្រាមរវាងប្រទេសរុស្សី និងអ៊ុយក្រែន ដោយសារតែបញ្ហាទាំងនេះ គឺមិនមានការកំណត់ច្បាស់លាស់ថា បញ្ចប់នៅពេលណាឡើយ កត្តាទាំងនេះសុទ្ធតែជាឧបសគ្គដល់ប្រទេសកម្ពុជា។ ទោះជាយ៉ាងនេះក្ដីកម្ពុជា នៅតែមានចំណុចខ្លាំងរបស់ខ្លួន ដោយអាចទាញភ្ញៀវទេសចរបានដូចជា កម្ពុជាមានផលិតផលជាច្រើនប្រភេទ ដែលបណ្ដាប្រទេសផ្សេងៗ លើពិភពលោកមិនមាន ជាក់ស្ដែងដូចជាកម្ពុជាមានប្រាសាទអង្គរវត្ត មានតំបន់សមុទ្រ, មានវប្បធម៌បុរាណជាដើម៕