(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធបានចំនួន ៥ ១១៥.៤២ប៊ីលានរៀល ស្មើនឹងប្រមាណជា ១ ២៦៣.០៧ លានដុល្លារ ស្មើនឹង៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២២។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២២
ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «រយៈពេល ៣ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ មានចំនួន ៥ ១១៥.៤២ ប៊ីលានរៀល (ប្រមាណជា ១ ២៦៣.០៧ លានដុល្លារ) ស្មើនឹង ៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៩៣០.៩៩ ប៊ីលានរៀល (ប្រមាណជា ២២៩.៨៧ លានដុល្លារអាមេរិក) ស្មើនឹង ២២.២៥%»

សម្រាប់រយៈពេល៣ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ៥ បានរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់ធៀបនឹងខែរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ២ ៦៩៨.០២ប៊ីលានរៀល (កើនឡើង ៥១៥.១៧ ប៊ីលានរៀល ស្មើនឹង២៣.៦០%), អាករលើតម្លៃបន្ថែមមានចំនួន ៧៧៤.០១ ប៊ីលានរៀល (កើនឡើង ១០១.៧៩ ប៊ីលានរៀល ស្មើនឹង ១៥.១៤%), អាករពិសេសមានចំនួន ២៩៨.៤៧ ប៊ីលានរៀល (កើនឡើង ៤០.៨៤ ប៊ីលានរៀល ស្មើនឹង១៥.៨៦%), ពន្ធលើប្រាក់បៀវត្សមានចំនួន ៣១៥ ប៊ីលានរៀល (កើនឡើង ៥៥.០៥ ប៊ីលានរៀលស្មើនឹង ២១.១៨%), និងពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន២២៦.៧៩ ប៊ីលានរៀល (កើនឡើង ៥៨.៩៤ ប៊ីលានរៀលស្មើនឹង ៣៥.១២%)។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានការស្ងើចសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះឯគទគ្គកម្ម នៃការគ្រប់គ្រងប្រមូលចំណូលពន្ធផ្ទៃក្នុង ដែលសម្រេចបានរហូតដល់ ២៣៦ លានដុល្លារក្នុងមួយថ្ងៃ ។

ជាមួយគ្នានេះផងដែរ តាមរយៈលិខិតចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២១ ដែលសម្រេចបាន ១២៤.០២% នៃផែនការប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីភាពខ្លាំងក្លា នៃសេដ្ឋកិច្ចជាតិ បើទោះបីជាកាលពីឆ្នាំ២០២១ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា បាននិងកំពុងជួបប្រទះនូវវិបត្តិ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិកម្ពុជា។

ក្នុងឱកាសនេះ លោក គង់ វិបុល បានលើកឡើងថា ស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ច ក្នុងឆ្នាំកន្លងមកនឹងបន្តជះឥទ្ធិពល មកលើការគ្រប់គ្រងការប្រមូលចំណូលពន្ធក្នុងឆ្នាំបន្ទាប់ ជាពិសេស ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ ផ្ទុយទៅវិញ ទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ យ៉ាងណាក្តី លទ្ធផលនៃការគ្រប់គ្រងប្រមូល ចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលទ្ធផលល្អប្រសើរ។

សូជម្រាបថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលទទួលបានចំណូលសារពើពន្ធ ពីពន្ធគយ និងពន្ធដារសរុប ១ ៨៦០.៦៧លានដុល្លារ ក្នុងនោះប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានចំនួន៥៩៧លានដុល្លារ និងអគ្គនាយកដ្ឋានពន្ធដារ ១ ២៣៦លានដុល្លារ៕