(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ដើម្បីទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា សម្រាប់ការផលិតផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។

កិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួមពីលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា, តំណាងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ (Boston Consulting Group-BCG) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ។

ការរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនទីបង្ហាញផ្លូវនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ វិស័យយានយន្ត និងវិស័យអេឡិចត្រូនិកនៅកម្ពុជា មានភាពរីកចំរើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ ដោយផ្អែកលើលទ្ធភាព និងសក្តានុពលជាក់ស្ដែង ក្រៅពីវិស័យផ្សេងទៀត រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាព ដែលមានសក្តានុពល សម្រាប់ជំរុញការចូលរួមរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាពិសេសចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមាគាដែលបានដាក់ចេញក្នុង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»

តាមរយៈកិច្ចប្រជុំនេះ ឯកសារចំនួនពីរត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួតផ្ដើម សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអឡិចត្រូនិក ដែលក្នុងនោះរួមមាន៖

១៖ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត» មានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជា ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល និងជាពិសេសប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត (Components Manufacturing Hub) ព្រមទាំងជំរុញការផលិតគ្រឿងផ្គុំយានយន្ត ដែលមានលក្ខណៈស្មុគស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន។

២៖ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិក» មានគោលបំណង ប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ (Integrated Electronics Production Hub) ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើនប្រភេទ, ផលិតគ្រឿងបង្គុំពាក់កណ្ដាលសម្រេច (Sub-assembled Products) និងផលិត ផលសម្រេច (Fully Assembled Products) ដើម្បីបម្រើទីផ្សារនាំចេញក្នុងតំបន់ និងពិភពលោក។

សេចក្តីព្រាងផែនទីបង្ហាញផ្លូវទាំងពីរនេះ គឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដែលមានតំណាងមកពីក្រសួង ស្ថាប័នចំនួន៨ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរ៉ែ និងថាមពល, និងក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រោមជំនួយបច្ចេកទេសនៃកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ច ក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated COVID-19 Economic Support-ACES) របស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាប្រឹក្សា BCG ដែលត្រូវបានចាប់ផ្តើមរៀបចំឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។

សូមជម្រាបថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២២កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានេះ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។

ការអនុវត្តដោយជោគជ័យ នូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះ នឹងផ្តល់បច្ច័យយ៉ាងសំខាន់សម្រាប់កម្ពុជា ដូចជាការបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង ២២ ពាន់កន្លែងក្នុងរយៈពេល៥ឆ្នាំខាងមុខ ក៏ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យទាំងនេះ៕