(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា នៅរយៈពេល៣ខែដំបូងឆ្នាំនេះ កម្ពុជារកចំណូលបានជាង ១,២១២លានដុល្លារ ពីការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ ជាដើម។

របាយការណ៍បានបញ្ជាក់ថា «៣ខែ ឆ្នាំ២០២២នេះ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ មានចំនួន ១,២១២.៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៣៥.២លានដុល្លារអាមេរិក ស្មើនឹង៣៨.២%»

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការកើនឡើងនៃការនាំចេញទំនិញមិនមែនកាត់ដេរនេះ នឹងជំរុញឲ្យមានការវិនិយោគ និងលំហូរនៃទឹកប្រាក់វិនិយោគ មកកម្ពុជាកាន់តែច្រើន។

បណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ការកើនឡើងនៃទំនិញនាំចេញមិនមែនកាត់ដេរ បានចូលរួមចំណែកដល់ថវិកាជាតិ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាកំពុងតែឆ្លងកាត់ក្នុងដំណាក់កាល ដែលមានការប្រែប្រួល នៃរបបពន្ធគយ ពីសហគមន៍អឺរ៉ុបជាដើម ហើយការកើនឡើងនេះ ក៏ជំរុញឲ្យមានការវិនិយោគ ទាំងវិនិយោគិនក្នុងស្រុក ក៏ដូចជាលំហូនៃទឹកប្រាក់វិនិយោគ និងបច្ចេកវិទ្យា ដែលមកបំពេញតម្រូវការ នៅក្នុងសកម្មភាពវិនិយោគ និងផលិតកម្មមកកម្ពុជាពីក្រៅស្រុក»

បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា កំណើននៃការនាំចេញនេះ ទន្ទឹមពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងតែឈានទៅរកដំណើរការពិពិធកម្ម, ទំនើបកម្មផ្នែកផលិតកម្ម និងផ្នែកកែច្នៃផ្សេងៗទៀត ដែលប្រើប្រាស់បច្ចេកវិទ្យា ដោយបំប្លែងពីការប្រើកម្លាំងពលកម្មច្រើន ទៅបច្ចេកវិទ្យាច្រើនវិញ។

លោកបណ្ឌិតបន្ដថា ការធ្វើបែបនេះ គឺជាផ្នែកមួយ នៃការចូលរួមចំណែក ដល់ទិសដៅការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម និងផ្នែកសេវាកម្មផ្សេងៗ បម្រើទៅលើការផលិតទំនិញ ដើម្បីនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារលោកខាងលិច ឬក៏ទីផ្សារនៃបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន។ កម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្ដិឲ្យបានច្រើន ដើម្បីបង្កើននូវភាពទាក់ទាញផ្នែកវិនិយោគ បង្កើតឱកាសការងារ ដល់ប្រជាជនក្នុងស្រុក និងជំរុញឲ្យមានការទាក់ទាញ នូវការវិនិយោគផ្នែកបច្ចេកវិទ្យា និងនវានុវត្ដន៍៕