(គូឡាឡាំពួ)៖ ក្រុមហ៊ុន Cargill Inc. ដែលជាក្រុមហ៊ុនជួញដូរផលិតផលកសិកម្មដ៏ធំបំផុតមួយក្នុងពិភពលោក បានឈប់ទិញផលិតផលប្រេងដូងពីក្រុមហ៊ុន SimeDarby Plantation Bhd របស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីសហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនបានរកឃើញសូចនាករនានាដែលបង្ហាញពីការប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងក្រុមហ៊ុនដាំដូងប្រេងរបស់ម៉ាឡេស៊ីមួយនេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Cargill បានផ្អាកការទិញប្រេងដូង និងផលិតផលដេរីវេទីវពីក្រុមហ៊ុន Sime Darby ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈមកម៉្លេះ។

ក្រុមហ៊ុន Sime មិនបានផ្តល់ហេតុផលសម្រាប់ការបញ្ឈប់ការទិញនេះទេ ប៉ុន្តែក្រុមហ៊ុននេះបានឱ្យដងថា ក្រុមហ៊ុនកំពុងពិភាក្សាជាមួយក្រុមហ៊ុន Cargill ដែលជាអតិថិជនផ្ទាល់របស់ខ្លួនដើម្បីស្វែងរកផ្លូវដោះស្រាយ។

ក្រុមហ៊ុនផលិតប្រេងដូង និងក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូធំបំផុតមួយចំនួនរបស់ម៉ាឡេស៊ីបានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានលើពលករចំណាកស្រុក។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ទៀតថា ទីភ្នាក់ងារគយ និងការការពារព្រំដែនសហរដ្ឋអាមេរិកកាលពីចុងខែមករាបានឱ្យដឹងថា ខ្លួននឹងរឹបអូសយកប្រេងដូងនិងទំនិញដែលពាក់ព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុន Sime ដោយសារទីភ្នាក់ងារនេះមានព័ត៌មានគ្រប់គ្រាន់ដើម្បីកំណត់ថា ផលិតផលរបស់ក្រុមហ៊ុននេះត្រូវបានផលិតឡើងដោយប្រើកម្លាំងអ្នកទោស និងពលកម្មដោយបង្ខំ។

ក្រុមហ៊ុន Sime បានឱ្យដឹងថា ខ្លួនបានចាត់វិធានការដើម្បីកែលម្អសិទ្ធិការងាររបស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕