(ក្រុងឡុងដ៍)៖ តម្លៃប្រេងបានកើនឡើងខ្ពស់នៅថ្ងៃពុធ បន្ទាប់ពីទីក្រុងមូស្គូបានលើកឡើងថា កិច្ចចរចាសន្តិភាពជាមួយប្រទេសអ៊ុយក្រែនបានឈានដល់ទីបញ្ចប់ ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានឡើងថ្លៃ ៤៨សេន ឬ ០,៥ ភាគរយដល់ ១០៥,១២ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ២៨សេន ឬ ០,៣ភាគរយដល់ ១០០,៨៨ដុល្លារក្នុងមួយបារ៉ែល។

ដោយលើកឡើងពីអត្ថាធិប្បាយរបស់រុស្ស៊ីអំពីកិច្ចចរចាសន្តិភាព និងប្រធានាធិបតីអាមេរិក Joe Biden ដែលចោទប្រកាន់រុស្ស៊ីពីបទប្រល័យពូជសាសន៍ លោក Jeffrey Halley អ្នកវិភាគទីផ្សារជាន់ខ្ពស់ប្រចាំក្រុមហ៊ុន OANDA បានថ្លែងថា៖ «ភាពអវិជ្ជមានចំពោះតម្លៃប្រេងនៅមានកម្រិត»។ លោកបន្ថែមថាទាំងនេះ «កំពុងតែពង្រឹងថា ស្ថានភាពអ៊ុយក្រែននិងរុស្ស៊ីនឹងមិនធូរស្រាលនៅពេលណាមួយឆាប់ៗនេះឡើយ»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារបានស្តីបន្ទោសអ៊ុយក្រែនចំពោះការធ្វើឱ្យខូចដល់កិច្ចចរចាសន្តិភាព ហើយបាននិយាយថា ទីក្រុងម៉ូស្គូនឹងមិនបោះបង់ចោលនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការពិសេស» ឡើយ។

តម្លៃប្រេងឆៅក៏កំពុងត្រូវបានជំរុញដោយសារការធ្លាក់ចុះផលិតកម្មប្រេងនិងឧស្ម័នរបស់រុស្ស៊ីផងដែរ ដែលធ្លាក់ចុះដល់ក្រោម ១០លានបារ៉ែលក្នុងមួយថ្ងៃកាលពីថ្ងៃចន្ទ ដែលជាបរិមាណទាបបំផុតគិតចាប់ពីខែកក្កដា ឆ្នាំ២០២០មក។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនរំពឹងថា ការបាត់បង់ទិន្នផលប្រេងរបស់រុស្ស៊ីមានជាមធ្យម ១,៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមេសា ហើយអាចកើនឡើងដល់ ៣លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែឧសភាទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕