(ប៉េកាំង)៖ ពាណិជ្ជកម្មរួមរបស់ប្រទេសចិនជាមួយរុស្ស៊ីបានកើនឡើងជាង ១២% ក្នុងខែមីនា ធៀបនឹងឆ្នាំមុនដោយបានធ្លាក់ចុះបើធៀបនឹងខែកុម្ភៈឆ្នាំនេះ ប៉ុន្តែនៅតែកើនលើសពីកំណើនពាណិជ្ជកម្មសរុបរបស់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យគយរបស់ចិនដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ការនាំចេញទៅកាន់និងមកពីប្រទេសរុស្ស៊ីសម្រេចបានកំណើន ១២,៧៦% ក្នុងខែមីនាដល់ ១១,៦៧ប៊ីលានដុល្លារ ដោយបានធ្លាក់ចុះពីកំណើន ២៥,៧% ដែលសម្រេចបានក្នុងខែកុម្ភៈ នៅពេលដែលរុស្ស៊ីចាប់ផ្តើមការលុកលុយរបស់ខ្លួន។

ទោះជាយ៉ាងណា កំណើននៅក្នុងខែមីនានេះមានកម្រិតខ្ពស់ជាងកំណើន ៧,៧៥% ក្នុងពាណិជ្ជកម្មសរុបរបស់ប្រទេសចិនជាមួយប្រទេស និងតំបន់ទាំងអស់ដែលមានទឹកប្រាក់សរុបចំនួន ៥០៤,៧៩ប៊ីលានដុល្លារក្នុងខែមីនា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កាលពីឆ្នាំមុន ពាណិជ្ជកម្មសរុបរវាងចិន និងរុស្ស៊ីបានកើនឡើង ៣៥,៨% ដល់ចំនួន ១៤៦,៩ប៊ីលានដុល្លារ ដែលជាបរិមាណច្រើនបំផុតមិនធ្លាប់មាន។

នៅពេលដែលការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីកើនឡើង ប្រទេសចិនអាចជួយប៉ះប៉ូវដល់ផលប៉ះពាល់មួយចំនួនដល់ប្រទេសរុស្ស៊ី​តាមរយៈការទិញទំនិញកាន់តែច្រើន​ថែមទៀតពីប្រទេសជិតខាងមួយនេះ។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ពួកគេមិនទាន់មើលឃើញមានការសញ្ញាធំៗណាមួយបង្ហាញថា ដែលចិនកំពុងរំលោភលើទណ្ឌ​កម្មរបស់​លោកខាងលិចលើរុស្ស៊ីនៅឡើយទេ។

លោក Li Kuiwen អ្នកនាំពាក្យរបស់គយចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសផ្សេងទៀត រួមទាំងរុស្ស៊ី និងអ៊ុយក្រែននៅតែមានលក្ខណៈធម្មតា។

នៅក្នុងត្រីមាសទីមួយ ពាណិជ្ជកម្មរបស់ចិនជាមួយរុស្ស៊ីបានកើនឡើង ៣០,៤៥5% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រុស្ស៊ីជាប្រភពប្រេង ឧស្ម័ន ធ្យូងថ្ម និងទំនិញកសិកម្មដ៏សំខាន់មួយសម្រាប់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕