(ភ្នំពេញ)៖ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស បានគូសបញ្ជាក់ថា ការគ្រប់គ្រងកូវីដ-១៩បានល្អ របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស កាន់តែអភិវឌ្ឍឈានទៅមុខ និងបង្កើតនូវផលិតផលថ្មីៗ ជាច្រើនបន្ថែមទៀត។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា លាង ពៅ (ភីធើ) ផ្ដល់កិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ក្រោមប្រធានបទ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្ម និងផលិតផលថ្មី CAMBODIA PREMIUM DRAFT BEER ដំបូងគេនៅកម្ពុជា។

ឧកញ៉ា លាង ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីនៅក្នុងកាលៈទេសៈ និងមានឧបសគ្គជាច្រើន ជាពិសេសជំងឺកូវីដ-១៩ គឺមិនអាចរារាំងឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស មិនអាចដើរឈានទៅមុខបាននោះទេ។ ដោយសារមានកត្ដាអំណោយផលច្រើន ដែលអាចដើរទៅមុខបាន ដោយក្នុងនោះ ទីមួយ៖ ប្រទេសកម្ពុជាគ្រប់គ្រងកូវីដ-១៩បានល្អ និងទីពីរ៖ កំណើនសេដ្ឋកិច្ចកម្ពុជា»

ឧកញ៉ាក៏បានឲ្យដឹងផងដែរថា អ្វីដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ឃើញថា ការគ្រប់គ្រងកូវីដ-១៩ នៅក្នុងអំឡុងពេល២ឆ្នាំនេះ គឺមានយុទ្ធសាស្ត្រមួយច្បាស់លាស់ ហើយជាយុទ្ធសាស្ដ្រមួយដ៏ល្អ។ អ្វីដែលឃើញថាល្អបំផុតនោះ គឺការគ្រប់គ្រងដោយការពន្លឿន នៃការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជារបស់យើង ដែលធ្វើឲ្យប្រជាជនស៊ាំនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ឧកញ៉ាបន្តថា ពេលដែលរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ គឺជាផលល្អ ព្រោះថា សូម្បីតែភ្ញៀវទេសចរ ដែលចង់មកដើរលេងនៅស្រុកខ្មែរ ក៏លែងពិបាកដូចមុន។ បើទោះ រីរុសបំប្លែងថ្មី «អូមីក្រុង» មានការរីករាលដាលច្រើន នៅប្រទេសកម្ពុជា ប៉ុន្ដែផលប៉ះពាល់តិចតូចប៉ុណ្ណោះ គឺដោយសារតែប្រទេសកម្ពុជា មានការចាក់វ៉ាក់សាំងលើប្រជាជន។

ឧកញ៉ា លាង ពៅ ជឿជាក់ថា អ្វីដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចបើកប្រទេសឡើងវិញនេះ គឺពិតជាត្រឹមត្រូវ ហើយប្រទេសកម្ពុជា នឹងមានកំណើនសេដ្ឋកិច្ចឡើងវិញ។

លោកអគ្គនាយកបន្ថែមថា កត្តាអំណោយផលទាំងអស់នេះ បានធ្វើឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស បង្កើតនូវផលិតផលថ្មី គឺ CAMBODIA PREMIUM DRAFT BEER ដែលជាប្រភេទស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកចូលដបដំបូងបង្អស់នៅកម្ពុជា។

CAMBODIA PREMIUM DRAFT BEER គឺជាស្រាបៀរដ្រាហ្វ ច្រកចូលដបដំបូងបង្អស់នៅកម្ពុជា ផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization បច្ចេកវិទ្យា Special Filler ផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលរហូតដល់ទៅ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង៕