(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាល លុបចោលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរចេញចូលប្រទេសកម្ពុជា កំណើនអ្នកដំណើរចេញចូលតាមផ្លូវអាកាស បានកើនឡើងវិញគួរឱ្យកត់សម្គាល់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលលក្ខខណ្ឌ តម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនចូលមកកម្ពុជា។
ជាមួយគ្នានេះ ក៏លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ តែការលុបចោលលក្ខខណ្ឌ សម្រាប់តែអ្នកចាក់វ៉ាក់សាំងពេញលេញប៉ុណ្ណោះ ខណៈអ្នកមិនទាន់ចាក់វ៉ាក់សាំង ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

អ្នកនាំពាក្យអាកាសចរស៊ីវិល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា អ្នកដំណើរបានកើនឡើងដល់ជាង៩ពាន់នាក់ នៅខែមីនា ឆ្នាំ២០២២នេះ កើនឡើងជាង៤០% បើធៀបនឹងខែកុម្ភៈ ដែលមានតែជាង៥ពាន់នាក់ប៉ុណ្ណោះ។ ចំណែកជើងហោះហើរ បានកើនឡើងចំនួនចំនួន៦ជើង ពោលគឺកាលពីខែកុម្ភៈមាន១០៩ជើង ខណៈខែមីនា បានកើនឡើងដល់១២៥ជើង។ ដោយឡែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសវិញ កើនដល់៥ ៨១៩តោន កើនឡើងជា១ពាន់តោន បើធៀបនឹងខែកុម្ភៈ ដែលមានជាង៤ ២២៣តោន។

លោកបានគូសបន្ថែមថា «យើងឃើញថា កម្មវិធីហោះហើរខែមីនា ឃើញមានក្រុមហ៊ុនអាកាសចរណ៍ គាត់បានបង្កើនចំនួនជើងហោះហើររបស់គាត់ និងមានផ្លូវថ្មីៗដែលគាត់បើក ដូចជាក្រុមអង្គរអ៊ែរ គាត់បើកផ្លូវក្នុងស្រុក បង្កើនជើងពី២ជើងទៅ៤ជើង ក្នុងមួយសប្តាហ៍ និងមានបើកផ្លូវចិនមួយផ្លូវដែរ។ ក្រៅពីនេះ មានហោះហើររវាងបាងកក និងសិង្ហបុរី ក៏បានបង្កើនជើងដែរ។ [....] បើការហោះហើរផ្លូវថ្មី ដូចជាមិនទាន់មានទំនោរអីទេ តែយើងខិតខំ និងជំរុញការតភ្ជាប់ឡើងវិញនូវការហោះហើរផ្លូវចាស់ៗ ដែលបានពន្យារការហោះហើរកន្លងមក ឱ្យគាត់ចាប់ផ្តើមធ្វើការហោះហើរឡើងវិញ។ ដោយសារយើងទើបបើកខែមីនា អីចឹងយើងគិតថាប្រហែលជា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ គាត់សិក្សាពីទីផ្សារ និងតភ្ជាប់ឡើងវិញ»។

លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍អង្គរ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់រាជរដ្ឋាភិបានលុបចោលលក្ខខណ្ឌមួយ ដើម្បីបង្កភាពងាយដល់ភ្ញៀវអន្តរជាតិ ចំនួនភ្ញៀវទេសចរបរទេសនៅខេត្តសៀមរាប ចាប់ផ្តើមកើនឡើងជាងមុន ដោយបច្ចុប្បន្ននេះ ភ្ញៀវបរទេសបានកើនឡើងប្រមាណពី២០០ ទៅ៣០០នាក់ក្នុងមួយថ្ងៃ។

លោកកត់សម្គាល់ថា ភ្ញៀវទេសចរដែលមកកម្ពុជា នាពេលបច្ចុប្បន្នភាគច្រើនជាភ្ញៀវអឺរ៉ុប ជាពិសេសភ្ញៀវអឺរ៉ុប ដែលស្នាក់នៅប្រទេសសិង្ហបុរី ដែលមកតាមជើងហោះហើរពីថៃ និងសិង្ហបុរី ។

តែទោះជាយ៉ាងនេះក្តី លោកលើកឡើងថា បើទោះបីជាភ្ញៀវទេសចរបរទេស ចាប់ផ្តើមកើនឡើងជាងមុនក៏ដោយ ប៉ុន្តែទីផ្សារមគ្គទេសក៍ទេសចរមិនទាន់ប្រសើរ ឡើងនោះទេ។ ក្នុងចំណោមភ្ញៀវជាង២០០នាក់នេះ មានប្រមាណតែ២០នាក់ប៉ុណ្ណោះ ដែលជួលសេវាកម្មមគ្គទេសក៍ទេសចរណ៍។

លោកបន្តថា «បានន័យថា តែ១០%ទេ ដែលគេយកសេវាកម្មមគ្គទេសក៍ទេសចរណ៍ ប៉ុន្តែវាបានដល់ផ្ទះសំណាក់ សណ្ឋាគារ សេវាហូបចុក និងសេវាដឹកជញ្ជូន។ ជាង២០០នាក់នេះ គឺជាដំណាក់កាលចាប់ផ្តើម បើយើងប្រៀបធៀបកាលពីខែធ្នូ ឆ្នាំ២០២១ អត់សោះតែម្តង»

លោករំពឹងថា ភ្ញៀវអន្តរជាតិនឹងចាប់ផ្តើមកើនឡើងខ្លាំងវិញ នៅខែវិច្ឆិកា និងនៅខែកក្កដា ចំពេលវិម្សកាលរបស់គ្រូបង្រៀន នៅប៉ែកអឺរ៉ុប៕