(ព្រុចសែល)៖ អង្គការប្រទេសនាំចេញប្រេង (OPEC) បានប្រាប់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ន និងនាពេលអនាគតលើប្រទេសរុស្ស៊ី អាចបង្កើតឱ្យមានបញ្ហាផ្គត់ផ្គង់ប្រេងដ៏អាក្រក់បំផុតមួយ ហើយវានឹងមិនអាចនោះទេក្នុងការរកថាមពលផ្សេងមកដើម្បីជំនួសបរិមាណប្រេងដែលផ្គត់ផ្គង់ដោយរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អង្គការនាំចេញប្រេងមួយនេះក៏បានបង្ហាញសញ្ញាផងដែរថានឹងមិនបូមប្រេងឱ្យច្រើនជាងផែនការរបស់ខ្លួនឡើយ។

មន្ត្រីសហភាពអឺរ៉ុបបានជួបពិភាក្សាជាមួយអ្នកតំណាងរបស់អង្គការ OPEC នៅទីក្រុងវីយែន ក្នុងគ្រាដែលមានការអំពាវនាវឱ្យអង្គការនេះបង្កើនទិន្នផល និងខណៈដែលសហភាពអឺរ៉ុបពិចារណាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រេងរុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សុន្ទរកថារបស់លោក Mohammad Barkindo អគ្គលេខាធិការអង្គការ OPEC ថា៖ «យើងអាចឃើញឃើញការបាត់បង់ច្រើនជាង ៧លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៃការនាំចេញប្រេងរុស្ស៊ី និងថាមពលរាវផ្សេងទៀត ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ន និងអនាគត ឬវិធានការស្ម័គ្រចិត្តផ្សេងទៀត»។

លោកមានប្រសាសន៍ថា៖ «ដោយពិចារណាលើទស្សនវិស័យនៃតម្រូវការបច្ចុប្បន្ន វាស្ទើរតែមិនអាចទៅរួចទេក្នុងការជំនួសការបាត់បង់ដែលមានបរិមាណធំបែបនេះ»

គណៈកម្មការអឺរ៉ុបបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សហភាពអឺរ៉ុបបានលើកឡើងជាថ្មីអំពីការអំពាវនាវរបស់ខ្លួននៅក្នុងកិច្ចប្រជុំនេះឱ្យប្រទេសផលិតប្រេងនានាពិនិត្យមើលលទ្ធភាពថាតើពួកគេអាចបង្កើនការចែកចាយប្រេងដែរឬទេ ដើម្បីជួយសម្រួលដល់តម្លៃប្រេងដែលឡើងថ្លៃ។

អ្នកតំណាងរបស់សហភាព EU ក៏បានចង្អុលបង្ហាញផងដែរថា OPEC មានទំនួលខុសត្រូវក្នុងការធានាឱ្យមានតុល្យភាពទីផ្សារប្រេង។ នៅក្នុងកិច្ចប្រជុំជាមួយអង្គការ OPEC សហភាពអឺរ៉ុបបាននិយាយថា OPEC អាចផ្តល់ការផលិតបន្ថែមទៀតពីសមត្ថភាពដែលនៅសេសសល់របស់ខ្លួន។ នេះបើយោងតាមឯកសាររបស់អង្គារ OPEC ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបាន។

ប៉ុន្តែ លោក Barkindo បានឱ្យដឹងថា ទីផ្សារដែលមានការប្រែប្រួលខ្លាំងនាពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលដែលកើតចេញពី «កត្តាមិនមែនជាមូលដ្ឋាន» នៅក្រៅការគ្រប់គ្រងរបស់អង្គការ OPEC ដែលជាសញ្ញាមួយបង្ហាញថា ក្រុមប្រទេសផលិតប្រេងនេះនឹងមិនបូមប្រេងបន្ថែមទៀតទេ។

កិច្ចប្រជុំរវាងសហភាពអឺរ៉ុប និងអង្គការ OPEC នៅដើមសប្តាហ៍នេះ គឺជាកិច្ចសន្ទនាចុងក្រោយបំផុតក្នុងកិច្ចសន្ទនា ដែលបានចាប់ផ្តើមរវាងភាគីទាំងពីរក្នុងឆ្នាំ២០០៥។

ប្រេងរុស្ស៊ីមិនស្ថិតនៅក្នុងទណ្ឌកម្មរបស់សហភាពអឺរ៉ុបនោះទេរហូតមកដល់ពេលនេះ។ ប៉ុន្តែបន្ទាប់ពីប្លុកដែលមានសមាជិក ២៧ប្រទេសនេះបានយល់ព្រមកាលពីសប្តាហ៍មុនចំពោះដាក់ទណ្ឌកម្មលើធ្យូងថ្មរបស់រុស្ស៊ី ដែលជាការផ្តោតទិសដៅលើផ្គត់ផ្គង់ថាមពលជាលើកដំបូងរបស់ប្លុកនេះ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយចំនួនបាននិយាយថា ប្រេងអាចជាទិសដៅបន្ទាប់៕