(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃចន្ទថា ការឡើងថ្លៃស្បៀងអាហារ និងថាមពលនៅទាំងពិភពលោកកាន់តែខ្ពស់ខ្លាំងដោយសារសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន កំពុងវាយប្រហារលើប្រទេសក្រីក្រ ហើយយន្តការកាន់តែប្រសើរសម្រាប់ដោះស្រាយភាពតានតឹងផ្នែកបំណុលរដ្ឋាភិបាល នឹងត្រូវការជាចំបាច់ដើម្បីទប់ទល់មិនឱ្យកើតមានការបរាជ័យសងបំណុល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំណេរដែលបង្ហោះក្នុងប្លុកមួយដោយលោក Vitor Gaspar ប្រធាននាយកដ្ឋានកិច្ចការសារពើពន្ធ និងលោកស្រី Ceyla Pazarbasioglu ប្រធានផ្នែកយុទ្ធសាស្ត្ររបស់មូលនិធិ IMF ថា៖ «សង្រ្គាមនៅអ៊ុយក្រែនកំពុងបន្ថែមហានិភ័យដល់កម្រិត​កម្ចីសាធារណៈដែលមិន​ធ្លាប់មានពីមុនមក ខណៈពេលដែលជំងឺរាតត្បាតកំពុងធ្វើឱ្យមានភាពតានតឹងដល់ថវិការដ្ឋាភិបាលជាច្រើន»

មន្ត្រីជាន់ខ្ពស់ IMF ទាំងពីរបានឱ្យដឹងថា ថា៖ «ដោយហានិភ័យបំណុលរដ្ឋកើនឡើង និងឧបសគ្គផ្នែកហិរញ្ញវត្ថុវិលត្រលប់មកវិញក្នុងគ្រា​ដែលមានការព្រួយបារម្ភអំពីគោលនយោបាយ វិធីសាស្រ្តសហប្រតិបត្តិការជាសកលមួយមានភាពចាំបាច់ដើម្បីឈាន​ទៅរកការដោះស្រាយ​បញ្ហាបំណុលប្រកបដោយសណ្តាប់ធ្នាប់ និងបង្ការមិនឱ្យមានការបរាជ័យសងបំណុលដែលមិនចាំបាច់»

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការកើនឡើងតម្លៃស្បៀងអាហារ និងថាមពលកំពុងវាយលុកប្រទេសដែលមានប្រាក់ចំណូលទាបខ្លាំង ហើយប្រទេសទាំងនេះអាចត្រូវការជំនួយបន្ថែម និងហិរញ្ញប្បទានសម្បទានខ្ពស់។ ប្រទេសនានាគួរតែធ្វើកំណែទម្រង់ដើម្បីកែលម្អតម្លាភាពបំណុល និងពង្រឹងគោលនយោបាយគ្រប់គ្រងបំណុលដើម្បីកាត់បន្ថយហានិភ័យ។

មន្ត្រីជាន់ខ្ពស់របស់មូលនិធិធិ IMF ទាំងពីរនេះបានបន្ថែមថា ប្រហែល ៦០% នៃបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបបានស្ថិតនៅក្នុង ឬប្រឈមមុខនឹងភាពតានតឹងផ្នែកបំណុលរួចស្រាប់ទៅហើយ។ ការកើនឡើងអត្រាការប្រាក់នៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗអាចនាំឱ្យមានការ ចំណាយកាន់តែច្រើនលើការខ្ចីប្រាក់។

មន្ត្រីទាំងពីរនាក់បានឱ្យដឹងទៀតថា វិបត្តិឥណទានមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយការធ្លាក់ចុះការផ្តល់ប្រាក់កម្ចីបរទេសពីប្រទេសចិន ដែលកំពុងប្រឈមនឹងការព្រួយបារម្ភអំពីលទ្ធភាពសងបំណុលក្នុងវិស័យអចលនទ្រព្យ ការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ និងបញ្ហាជាមួយនឹងប្រាក់កម្ចីដែលមានស្រាប់ដែលផ្តល់ទៅឱ្យប្រទេសកំពុងអភិវឌ្ឍន៍។

ដោយកត់សម្គាល់ថា ការផ្អាកទូទាត់បំណុលទ្វេភាគីជាផ្លូវការដែលបានអនុម័តនៅពេលចាប់ផ្តើមកើតមានជំងឺរាតត្បាតបានបញ្ចប់ និងគ្មានការព្រមព្រៀងណាមួយអំពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញក្រោមក្របខ័ណ្ឌដែលកំណត់ដោយក្រុមប្រទេសឧស្សាហកម្មចំនួនធំទាំង២០ (G20) អ្នកទាំងពីរបានបន្តថា វិធានការដែលត្រូវបានធ្វើឡើងដោយប្រទេសសេដ្ឋកិច្ចធំៗមិនគ្រប់គ្រាន់ឡើយ ហើយជម្រើសនានាត្រូវការជាចំបាច់សម្រាប់ប្រទេសជាច្រើន ដែលបច្ចុប្បន្នមិនទាន់មានសិទ្ធិទទួលបានការបន្ធូរបន្ថយបំណុលនៅឡើយ៕