(បាងកក)៖ សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនកំពុងជំរុញតម្លៃដែកក្នុងប្រទេស ដែលបានកើនឡើង ២០% រួចស្រាប់ហើយនោះ ដែលបង្កឱ្យអ្នកទិញផ្ទះនិងក្រុមហ៊ុនសំណង់ទទួលបន្ទុកចំណាយកាន់តែខ្ពស់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ដែកស្ថិតក្នុងចំណោមវត្ថុធាតុដើមដែលជួបប្រទះការឡើងថ្លៃ បន្ទាប់ពីកើតមានការផ្ទុះជម្លោះកាលពីខែកុម្ភៈ ដែលបានជំរុញឱ្យតម្លៃប្រេងពិភពលោកកើនឡើងផងដែរ។ រុស្ស៊ីគឺជាប្រទេសផលិតដែក និងនាំចេញដែកលំដាប់ពិភពលោក ប៉ុន្តែចាប់តាំងពីមានការឈ្លានពានលើអ៊ុយក្រែនមក ការផលិតដែកថែបនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនត្រូវបានផ្អាក ឬបិទទ្វា។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដៅរបស់លោក Chaichalerm Bunyanuwat ប្រធានសមាគមអ្នកផលិតដែក EAF Long Product Steel Producers ខណៈថ្លែងថា៖ «ផលិតផលដែកផ្សេងៗបានឡើងថ្លៃ។ តម្លៃដែកប្រភេទ Steel bar បានឡើងដល់ ២៨-២៩បាតក្នុងមួយគីឡូក្រាម ដែលប៉ះពាល់ដល់វិស័យអាជីវកម្មសំខាន់ៗ»

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាចរុញបន្ទុកនេះទៅឱ្យអ្នកទិញថ្មីៗ ដែលឥឡូវនេះត្រូវចំណាយកាន់តែច្រើននៅពេលទិញផ្ទះ ឬខុនដូ។

លោក Chaichalerm បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានប្រកាសពីដំឡើងតម្លៃផ្ទះពី ៥-៨%»។ ទោះយ៉ាងណា ក្រុមហ៊ុនសំណង់ដែលទទួលបានគម្រោងពីរដ្ឋាភិបាលរួចហើយ នឹងទទួលរងផលប៉ះពាល់ដោយផ្ទាល់ដោយសារក្រុមហ៊ុនទាំងនេះត្រូវទិញដែកដែលមានតម្លៃថ្លៃ។

លោក Chaichalerm បានបន្ថែមថា៖ «ក្រុមហ៊ុនសាងសង់ក៏ប្រឈមនឹងឧបសគ្គសាច់ប្រាក់ផងដែរ ស្ថិតក្រោមបទប្បញ្ញត្តិបច្ចុប្បន្ន ពីព្រោះវាត្រូវការពេលយូរទម្រាំរដ្ឋាភិបាលបង់ប្រាក់ឱ្យពួកគេ»។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា វិស័យធុរកិច្ចដែលរងផលប៉ះពាល់ដោយការកើនឡើងតម្លៃដែកមិនទាន់បានពិភាក្សាគ្នាអំពីវិធានការដើម្បីទប់ទល់នឹងការឡើងថ្លៃនេះនៅឡើយទេ។ ក្រុមហ៊ុនផលិតដែកថែបបច្ចុប្បន្នកំពុងប្រឈមនឹងការចំណាយថាមពលខ្ពស់ ហើយកំពុងដោះស្រាយបញ្ហាតាមរយៈការបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយការចំណាយ។

ទោះបីជាមានបញ្ហាក៏ដោយ វាឆាប់ពេកក្នុងការព្យាករទម្លាក់ទិសដៅប្រើប្រាស់ដែកនៅក្នុងប្រទេសថៃ ដែលត្រូវបានរំពឹងថានឹងកើនឡើងដល់ ១៨-១៩លានតោននៅឆ្នាំនេះ។ លោក Chaichalerm បានបន្តថា៖ «យើងត្រូវរង់ចាំមើលថាតើស្ថានភាពពិភពលោកនឹងទៅជាយ៉ាងណា»