(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនទំនងជានឹងធ្លាក់ចុះយ៉ាងគំហុកគឺ ៤៥,១% នៅឆ្នាំនេះ ដោយសារការឈ្លានពានរបស់រុស្ស៊ីបានបិទអាជីវកម្ម កាត់បន្ថយការនាំចេញ និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមិនអាចដំណើរការបាននៅក្នុងផ្នែកធំនៃប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ធនាគារពិភពលោកក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីឆ្នាំ២០២២ នឹងធ្លាក់ចុះ ១១,២% ដោយសារតែការដាក់ទណ្ឌកម្មហិរញ្ញវត្ថុដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិចលើធនាគារ សហគ្រាសរដ្ឋ និងស្ថាប័នផ្សេងទៀតរបស់រុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោកថា សម្រាប់ប្រទេសអ៊ុយក្រែន ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ជាងពាក់កណ្តាលនៃអាជីវកម្មរបស់ប្រទេសនេះត្រូវបានបិទ ខណៈដែលអាជីវកម្មផ្សេងទៀតកំពុងដំណើរការយ៉ាងល្អនៅក្រោមសមត្ថភាពធម្មតា។ ការបិទការដឹកជញ្ជូនតាមសមុទ្រខ្មៅពីអ៊ុយក្រែនបានកាត់បន្ថយការនាំចេញគ្រាប់ធញ្ញជាតិប្រហែល ៩០% របស់ប្រទេស និងពាក់កណ្តាលនៃការនាំចេញសរុបរបស់ខ្លួន។

ធនាគារពិភពលោកបានឱ្យដឹងទៀតថា សង្រ្គាមបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមិនអាចដំណើរការទៅបាននៅក្នុងតំបន់ជាច្រើន ហើយកំពុងរំខានដល់ប្រតិបត្តិការដាំដុះ និងប្រមូលផលកសិកម្ម។

ការប៉ាន់ប្រមាណពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលកន្លងមកត្រូវបានព្យាករថាមានលើសពី ១០០ប៊ីលានដុល្លារគិតត្រឹមដើមខែមីនា ឬប្រហែល ២ ភាគ ៣ នៃផលិតផលក្នុងស្រុកសរុបឆ្នាំ២០១៩ របស់អ៊ុយក្រែន អាចមានច្រើនជាងនេះ «ដោយសារសង្រ្គាមបានបន្តទៅមុខ និងបណ្តាលឱ្យមានការខូចខាតបន្ថែមទៀត»។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកពីការធ្លាក់ចុះសេដ្ឋកិច្ច ៤៥,‌១% នេះ មិនរាប់បញ្ចូលផលប៉ះពាល់នៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឡើយ ប៉ុន្តែធនាគារនេះបានឱ្យដឹងថា ការណ៍នេះនឹងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលសេដ្ឋកិច្ចនាពេលអនាគត រួមជាមួយនឹងការហូរចេញនៃជនភៀសខ្លួនអ៊ុយក្រែនទៅកាន់ប្រទេសផ្សេងទៀត។ ធនាគារពិភពលោកបន្តថា ទំហំនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អ៊ុយក្រែន «ស្ថិតក្រោមភាពមិនប្រាកដប្រជាខ្ពស់» ទៅតាមរយៈពេល និងកម្រិតនៃសង្គ្រាម៕